ស្ថាប័នការបរទេសរបស់ទីក្រុងតៃប៉ិ បានលើកឡើងនៅថ្ងៃពុធ (ទី៣ ខែមិថុនា ឆ្នាំ២០២៦) នេះថា កោះតៃវ៉ាន់បានស្នើឲ្យជប៉ុន និងហ្វីលីពីន គោរពសិទ្ធិ និងទឹកដីរបស់ខ្លួន នៅពេលដែលប្រទេសទាំង២ ធ្វើកិច្ចចរចា ស្ដីបីព្រំដែនសមុទ្រ។
ជប៉ុន និងហ្វីលីពីនបានឲ្យដឹងកាលពីខែឧសភាថា ភាគីទាំង២ នឹងចាប់ផ្តើមកិច្ចចរចាជាផ្លូវការ ស្ដីពីការកំណត់ព្រំដែនសមុទ្រនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់លាតសន្ធឹងក្រោមបាតសមុទ្រ រវាងប្រទេសទាំង២ «ស្របតាមច្បាប់អន្តរជាតិ»។
ប្រទេសចិន ដែលចាត់ទុកតៃវ៉ាន់ ដែលជាកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យថា ជាទឹកដីរបស់ខ្លួន បានថ្កោលទោសចំណាត់ការនេះ។
ស្ថាប័នការបរទេសកោះតៃវ៉ាន់ បានលើកឡើងថា ការិយាល័យតំណាងរបស់ខ្លួន នៅជប៉ុន និងហ្វីលីពីននឹងស្វែងរកការបញ្ជាក់ថា ដំណើរការចរចា និងលទ្ធផលនៃកិច្ចព្រមព្រៀងនាពេលអនាគតណាមួយ «នឹងមិនប៉ះពាល់ដល់សិទ្ធិអធិបតេយ្យភាពដែលកោះតៃវ៉ាន់ទទួលបាន ក្រោមច្បាប់អន្តរជាតិទេ»។ ស្ថាប័នបានសង្កត់ធ្ងន់ថា អធិបតេយ្យភាពរបស់កោះតៃវ៉ាន់ លើដែនដី និងដែនទឹកពាក់ព័ន្ធ ក៏ដូចជាសិទ្ធិរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិ គឺ «មិនអាចប្រកែកបាន» ឡើយ។
ស្ថាប័នបានបន្ថែមថា ដោយសារតំបន់ដែនសមុទ្រដែលជប៉ុន និងហ្វីលីពីនមានបំណងចរចាកំណត់ព្រំដែននោះ ត្រួតស៊ីគ្នាជាមួយតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់កោះតៃវ៉ាន់ នៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ទើបដែនកោះនេះអំពាវនាវឲ្យប្រទេសទាំង២ ពិចារណាយ៉ាងពេញលេញ អំពីសិទ្ធិ និងផលប្រយោជន៍របស់តៃវ៉ាន់ និងការចូលរួមក្នុងការចរចា។
យ៉ាងណាក្ដី នៅពេលត្រូវបានសួរ អំពីក្តីបារម្ភរបស់កោះតៃវ៉ាន់ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Minoru Kihara បាននិយាយនៅព្រឹកថ្ងៃទី៣ ខែមិថុនានេះថា ប្រសិនបើជប៉ុន និងហ្វីលីពីនយល់ព្រម លើការកំណត់ព្រំដែនដែនសមុទ្រ វានឹង «មិនមានចំណងផ្លូវច្បាប់ លើភាគីទី៣ ឡើយ»។ ចំណែកក្រសួងការបរទេសហ្វីលីពីន មិនបានឆ្លើយតបភ្លាមៗនោះទេ ចំពោះសំណើសុំការអត្ថាធិប្បាយ៕