ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា អ៊ីរ៉ង់បានយល់ព្រមមិនស្វែងរកការផលិតអាវុធនុយក្លេអ៊ែរនោះទេ ហើយបញ្ជាក់ថា លោកទំនងជានឹងជួបជាមួយមេដឹកនាំកំពូល លោក Mojtaba Khamenei នៅពេលណាមួយ ប្រសិនបើអ្វីៗ «មានវឌ្ឍនភាពយ៉ាងល្អប្រសើរ»។
ក្នុងបទសម្ភាសន៍មួយដែលត្រូវបានចាក់ផ្សាយ នៅថ្ងៃពុធ (ទី៣ ខែមិថុនា ឆ្នាំ២០២៦) នេះ ខណៈពេលកំពុងនិយាយអំពីអ៊ីរ៉ង់ លោក Trump បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ «Pod Force One» ថា៖ «ពួកគេបានយល់ព្រមរួចហើយថា ពួកគេនឹងមិនមានអាវុធនុយក្លេអ៊ែរនោះទេ»។
ហើយនៅពេលត្រូវបានសួរអំពីការចូលរួមរបស់លោក Khamenei ក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ស្តីពីការបញ្ចប់អរិភាព លោក Trump បាននិយាយថា៖ «រូបលោក (លោក Khamenei) បានពាក់ព័ន្ធពិតមែន ហើយខ្ញុំគិតថា ពួកគេមានការគោរពយ៉ាងខ្លាំងចំពោះរូបលោក»។
លោក Trump បានបន្តថា លោកបានឮថា មេដឹកនាំអ៊ីរ៉ង់ពុំសូវមានសុខភាពល្អទេ ប៉ុន្តែកំពុងផ្តល់ការយល់ព្រម ក្នុងអំឡុងពេលចរចា។ លោក Trump បានបន្ថែមថា លោកមិនមាន «សិទ្ធិពិសេសជួប» លោក Khamenei ទេ។ លោក Trump បាននិយាយថា៖ «ខ្ញុំចង់ជួបគាត់។ យើងប្រហែលជានឹងជួបគ្នានៅពេលណាមួយ អាស្រ័យលើថា តើមានវឌ្ឍនភាពល្អប្រសើរយ៉ាងដូចម្ដេច»។
ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយថា លោកចាត់ទុកសង្គ្រាមអ៊ីរ៉ង់ថា ជាជោគជ័យមួយ ពីព្រោះយោធារបស់ប្រទេសនេះ បានរងបរាជ័យ។ ជម្លោះ ដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហារ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានធ្វើឲ្យទីផ្សារថាមពលពិភពលោកមានការប្រែប្រួល ហើយបានបង្ហាញថា ជនជាតិអាមេរិកមិនសូវសប្បាយចិត្តឡើយ ពោលគឺប៉ុន្មានខែមុនការបោះឆ្នោតសភាខែវិច្ឆិកា៕