មន្ត្រីអ៊ីស្រាអែលមួយរូបមិនអាចបញ្ចប់សុន្ទរកថារបស់ខ្លួនបានឡើយ នៅឯសន្និសីទអង្គការពលកម្មអន្តរជាតិ (ILO) ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃអង្គារ (ទី២ ខែមិថុនា ឆ្នាំ២០២៦) បន្ទាប់ពីប្រតិភូបានរំខានសុន្ទរកថារបស់លោកម្តងហើយម្តងទៀតជាមួយនឹងការតវ៉ាគាំទ្រប្រជាជនប៉ាឡេស្ទីន។
អ្នកការទូតអ៊ីស្រាអែល លោក Waleed Gadban បានឡើងទៅវេទិកា អំឡុងសន្និសីទពលកម្មអន្តរជាតិលើកទី១១៤ ទាក់ទងនឹងការបោះឆ្នោត នៅក្នុងមហាសន្និបាត ប៉ុន្តែត្រូវជួបនឹងការតវ៉ាជាបន្តបន្ទាប់ពីអ្នកចូលរួម។ រដ្ឋមន្ត្រីមកពីប្រទេសជាច្រើន ក៏ដូចជាតំណាងសហជីព កម្មករ និងនិយោជក បានគោះតុរបស់ពួកគេ នៅពេលដែលលោក Gadban ព្យាយាមនិយាយ។
រដ្ឋមន្ត្រីក្រសួងការងារ និងសន្តិសុខសង្គមទួរគី លោក Vedat Isikhan សមាជិកនៃគណៈប្រតិភូទួរគី និងតំណាងសហជីពមកពីប្រទេសទួរគី ក៏បានចូលរួមក្នុងការតវ៉ានេះផងដែរ។ អ្នកចូលរួមមួយចំនួន បានបង្ហាញទង់ជាតិប៉ាឡេស្ទីន ប៉ុន្តែត្រូវបានបុគ្គលិកសន្តិសុខព្រមាន និងស្នើសុំយកចេញ។ មន្ត្រីមួយចំនួន នៅក្នុងសាល ក៏ត្រូវបានគេឃើញពាក់ក្រមាដែលមានពាក្យថា «ផ្ដល់សេរីភាពដល់ប៉ាឡេស្ទីន»។
ទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀតពីប្រធានសន្និសីទ លោក Juan Castillo ក៏ដោយ ក៏ការតវ៉ានៅតែបន្តមាន ហើយលោក Gadban មិនអាចបញ្ចប់សុន្ទរកថារបស់លោកបានទេ មុនពេលវេទិកាត្រូវបានផ្តល់ឲ្យវាគ្មិនបន្ទាប់៕