អ៊ុយក្រែនបានវាយប្រហារចំណតប្រេងមួយកន្លែងនៅទីក្រុង St Petersburg របស់រុស្ស៊ី នាថ្ងៃពុធនេះ រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលវេទិកាសេដ្ឋកិច្ចប្រចាំឆ្នាំរបស់លោកប្រធានាធិបតី Vladimir Putin ចាប់ផ្តើម ហើយការវាយប្រហារនេះគឺជាការប៉ុនប៉ងមួយធ្វើឲ្យប្រមុខវិមានក្រឹមឡាំង រងភាពអាម៉ាស់ និងជាការបង្ហាញថា ទីក្រុងធំៗរបស់រុស្ស៊ី ងាយរងគ្រោះខ្លាំងបែបណា ។
ការវាយប្រហារទីក្រុង St Petersburg ដែលជាទីក្រុងកំណើតរបស់លោក Putin និងជាទីតាំងរៀបចំវេទិកាសេដ្ឋកិច្ច ដើម្បីទាក់ទាញការវិនិយោគបរទេស បានកើតមានឡើង ស្របពេលភាគីទាំង ២ បង្កើនការវាយប្រហារលើគ្នាទៅវិញទៅមក នៅក្នុងសង្រ្គាមអូសបន្លាយរយៈពេលជាង ៤ឆ្នាំ ដោយគ្មានសញ្ញានៃការបញ្ចប់ ។
សំណុំផ្សែងត្រូវបានមើលឃើញពីមជ្ឈមណ្ឌលទីក្រុងប្រវត្តិសាស្រ្តមួយនេះ ជាទីដែលចំណតនាំចេញប្រេង រងការវាយប្រហារ ហើយក្រុមអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ រាយការណ៍ពីសំឡេងផ្ទុះយ៉ាងខ្លាំងនាព្រឹកថ្ងៃពុធនេះ ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានបញ្ជាក់ថា យានដ្រូនរបស់លោកបានវាយប្រហារចំណតប្រេងរបស់រុស្ស៊ី ហើយពួកគេបានវាយប្រហារគោលដៅយោធានៅជិតទីក្រុងធំទី ២របស់រុស្ស៊ីមួយនេះផងដែរ ៕