ក្មេងៗអ៊ីស្រាអែលនៅតំបន់សហគមន៍ជិតព្រំដែនលីបង់ បានវិលត្រឡប់ទៅកសាលារៀនវិញហើយនៅថ្ងៃពុធនេះ ក្រោយទីបញ្ជាការជួរមុខនៃកងទ័ពអ៊ីស្រាអែលជូនដំណឹងថា សាលារៀនអាចបើកឡើងវិញបាន ។
ឪពុកម្តាយដែលនាំកូនៗរបស់ពួកគេទៅកាន់សាលារៀននៅទីក្រុងភាគខាងជើង Maalot របស់អ៊ីស្រាអែល បានបង្ហាញក្តីបារម្ភរបស់ពួកគេ ដោយពួកគេសង្ឃឹមថា លើកនេះនឹងមានបទឈប់បាញ់ពិតប្រាកដជាមួយក្រុមហេសបូឡា ។
ជុំចុងក្រោយនៃអំពើហិង្សារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានឆាបឆេះឡើង ពេលដែលក្រុមជីវពលលីបង់មួយនេះ បើកការវាយប្រហារលើអ៊ីស្រាអែល បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល រួមដៃគ្នាធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ។
អ៊ីស្រាអែល បានវាយប្រហារចូលទៅជ្រៅបំផុតនៅលីបង់ ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ ខណៈក្រុមហេសបូឡា បើកការវាយប្រហារយានដ្រូនអត្តឃាត និងមីស៊ីលលើអ៊ីស្រាអែល ។
កាលពីថ្ងៃអង្គារ ការវាយប្រហារឆ្លងព្រំដែននៅតែបន្ត បើទោះបីជាមានបទឈប់បាញ់ដោយផ្នែកសម្របសម្រួលដោយសហរដ្ឋអាមេរិកក៏ដោយ ។
រយៈពេលប្រហែល ៣ម៉ោង ក្រោយសាលារៀនបើកទ្វារឡើងវិញ ស៊ីរ៉ែនបានបន្លឺឡើងនៅតាមតំបន់សហគមន៍ព្រំដែនជាច្រើនរបស់អ៊ីស្រាអែល ។ សេចក្តីប្រកាសរបស់កងទ័ពអ៊ីស្រាអែលនិយាយថា វា ដោយសារតែការជ្រៀតចូលរបស់យន្តហោះសត្រូវ ៕