បំណាក់ដីបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំងពីព្យុះត្រូពិក Jangmi បានបិទផ្លូវរថភ្លើងនៅខេត្តភាគកណ្តាល Shizuoka របស់ជប៉ុននាថ្ងៃពុធនេះ ។
យោងតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ក្រុមអាជ្ញាធរនាយកដ្ឋានពន្លត់អគ្គិភ័យនៅទីក្រុង Kawazu ទទួលបានការហៅទូរស័ព្ទពីអ្នកស្រុកម្នាក់ថា មានបំណាក់ដីនៅវេលាម៉ោង ១១ព្រឹក ម៉ោងក្នុងស្រុកថ្ងៃពុធ ។ ផ្នែកមួយនៃផ្លូវរថភ្លើងតំបន់ឆ្នេរ Izu Kyuko រងផលប៉ះពាល់ បើទោះបីជាសេវាកម្មរថភ្លើង បានផ្អាករួចទៅហើយ ចាប់តាំងពីថ្ងៃអង្គាររហូតមក ។
ទីភ្នាក់ងារឧតុនិយមជប៉ុន បាននិយាយថា ចំណុចកណ្ដាលរបស់ព្យុះ ស្ថិតនៅក្បែរកោះភាគកណ្តាល Honshu ដោយបោះពួយរឆ្ពោះទៅទិសឦសាននៃទីក្រុងតូក្យូ ជាមួយកម្លាំងខ្យល់បក់អតិបរមារហូតដល់២៥ ម៉ែត្រ ក្នុងមួយវិនាទី ។ តំបន់មួយចំនួនតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិកកំពុងស្ថិតក្នុងហានិភ័យកើនឡើងនៃគ្រោះមហន្តរាយគំរាមកំហែងដល់អាយុជីវិតមនុស្ស ។
អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Minoru Kihara បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ព្យុះនេះបានកាត់ផ្តាច់ចរន្តអគ្គិសនីដល់គ្រួសារជិត ៦ម៉ឺនខ្នងរហូតមកដល់ពេលនេះ ហើយការព្រមានអំពីការជម្លៀស ត្រូវបានចេញដល់ប្រជាជនរាប់ម៉ឺននាក់នៅក្នុងខេត្តចំនួន ៨នៅទូទាំងតំបន់ភាគនិរតី តំបន់ភាគកណ្តាល និងតំបន់ភាគខាងកើតប្រទេសជប៉ុន ៕