ការវាយប្រហាររបស់សត្វខ្លាឃ្មុំក្នុងតំបន់ធុរកិច្ច និងតំបន់រស់នៅរបស់អ្នកស្រុក នៅខេត្តភាគឦសាន Fukushima ប្រទេសជប៉ុន បណ្តាលឲ្យមនុស្ស ៤នាក់ រងរបួស ។
រូបភាពវីដេអូឃ្លីបពីកាមេរ៉ាសុវត្ថិភាពរបស់ក្រុមហ៊ុន Fukushima Steel Works ឃើញខ្លាឃ្មុំអាស៊ីពណ៌ខ្មៅមួយក្បាល ដេញកម្មករម្នាក់នៅច្រកចូលរោងចក្រ ហើយនិងផ្តួលគាត់ទៅលើដី ។ ក្រោយមកវាបានរត់ចូលទៅក្នុងអគារ ខណៈត្រូវបានដេញតាមពីក្រោយដោយរថយន្តមួយគ្រឿង ។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា សត្វខ្លាឃ្មុំមួយក្បាលនេះ បណ្តាលឲ្យកម្មករវ័យជាង ៦០ឆ្នាំម្នាក់ទៀតរងរបួសផងដែរ នៅក្នុងបរិវេណតែមួយ និងស្រ្តីវ័យ ៨០ឆ្នាំម្នាក់ នៅក្នុងសង្កាត់នោះ ។
សារព័ត៌មានក្នុងស្រុករាយការណ៍ទៀតថា បន្ទាប់មក សត្វខ្លាឃ្មុំមួយក្បាលនេះ បានរត់ទៅកាន់បរិវេណរោងចក្រមួយកន្លែងទៀត និងបានវាយប្រហារកម្មករម្នាក់ដែលវ័យប្រហែល ៦០ឆ្នាំ ។ មកទល់នឹងថ្ងៃពុធនេះ គេមានជំនឿថា សត្វខ្លាឃ្មុំនេះ បន្តនៅក្នុងរោងចក្រ ។
សាលាបឋមសិក្សា និងសាលាអនុវិទ្យាល័យនៅជិតនោះ បានបិទទ្វារនៅថ្ងៃពុធនេះ ហើយរោងចក្រ បានផ្អាកប្រតិបត្តិការផងដែរ ៕