អ្នកវិទ្យាសាស្រ្តប្រេស៊ីលមួយរូប បានព្រមានថា បាតុភូតអែល នីញ៉ូ ដែលត្រូវបានគេរំពឹងថានឹងកើតមាននៅឆមាសទី ២ ក្នុងឆ្នាំ ២០២៦នេះ អាចនឹងបំបែកកំណត់ត្រា ហើយលោកបានអំពាវនាវឲ្យមានការត្រៀមខ្លួនសម្រាប់ភ្លៀងធ្លាក់ខ្លាំងផងដែរនៅតំបន់ភាគខាងត្បូងប្រទេសប្រេស៊ីល ។
លោក Carlos Nobre គឺជាអ្នកវិទ្យាសាស្រ្ត និងជាអ្នកព្យាករឧតុនិយមប្រេស៊ីលមួយរូបនិយាយថា តំបន់ Rio Grande do Sul និងតំបន់ Santa Catarina អាចនឹងរងផលប៉ះពាល់ខ្លាំងជាងគេដោយសារភ្លៀងធ្លាក់ខ្លាំងដល់កម្រិតកំពូលនៅខែកញ្ញា ខែតុលា និងខែវិច្ឆិកា ។
យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អន្តរអាមេរិក បានឲ្យដឹងថា ការកើនឡើងកម្តៅផែនដី បង្កឲ្យមានព្រឹត្តការណ៍ធម្មជាតិស្លាប់មនុស្សឆ្នាំ ២០២៤ ពេលដែលភ្លៀងធ្លាក់ខ្លាំងចាប់ផ្តើមធ្លាក់នៅចុងខែមេសា ធ្វើឲ្យទឹកទន្លេឡើងដល់កម្រិតខ្ពស់ជាប់កំណត់ត្រា រួមទាំងនៅទន្លេ Taquari និងបឹងបួរនៅតំបន់ Rio Grande do Sul បង្កឲ្យមានទឹកជំនន់សម្លាប់មនុស្សយ៉ាងហោច ១៨០នាក់ និងមនុស្សជាង ៥៨១.០០០នាក់ផ្សេងទៀតជម្លៀសខ្លួន ។
អង្គការឧតុនិយមពិភពលោក(WMO) និយាយថា បាតុភូតអែល នីញ៉ូ គឺជាការឡើងកម្តៅមួយរយៈពេលរបស់សីតុណ្ហភាពផ្ទៃសមុទ្រ នៅតំបន់ភាគកណ្តាល និងតំបន់ភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក ដែលតាមធម្មតាមានរយៈពេលចន្លោះពី ៩ខែ ដល់ ១២ខែ ។
អង្គការ WMO បន្តថា ទឹកមហាសមុទ្រឡើងក្តៅ បណ្តាលមកពីបាតុភូតអែល នីញ៉ូ នឹងធ្វើឲ្យសីតុណ្ហភាពលើសកម្រិតមធ្យមនៅតាមតំបន់ជាច្រើនរបស់ពិភពលោក ចាប់ពីខែមិថុនា រហូតដល់ខែសីហា ហើយបាតុភូតអែល នីញ៉ូ ទំនងជាបន្តរហូតដល់ខែវិច្ឆិកា ៕