សមាជិកគ្រួសារនិយាយថា ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែល បានវាយប្រហាររថយន្តដឹកជនប៉ាឡេស្ទីននៅជិតតំបន់តាំងលំនៅនិគមន៍ ស្ថិតក្នុងតំបន់កាន់កាប់វ៉េសប៊ែង ។
បុរសជាឪពុកនិយាយថា លោកកំពុងបើករថយន្តដឹកកូនៗរបស់លោក ពេលដែលក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល ចោលដុំថ្មលើរថយន្តរបស់លោក បណ្តាលឲ្យសមាជិកគ្រួសាររបស់លោករងរបួស រួមទាំងកូនប្រុសអាយុ ១៤ខែរបស់លោកម្នាក់ផងដែរ ។
រូបភាពវីដេអូឃ្លីបទទួលបានដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រឃើញក្មេងៗរងរបួស បន្ទាប់ពីការវាយប្រហារ ។ ក្មេងប្រុសអាយុ ១៤ខែម្នាក់ ត្រូវបានគេមើលឃើញយំ ខណៈក្មេងខ្លះទៀតជូតឈាមលើមុខ ។
យោធាអ៊ីស្រាអែលនិយាយថា ពួកគេបានបញ្ជូនទាហានទៅកាន់ទីនោះ បន្ទាប់ពីសេចក្តីរាយការណ៍ពីឧបទ្ទេវហេតុមួយនេះ ប៉ុន្តែជនស៊ីវិលអ៊ីស្រាអែល ពុំបាននៅកន្លែងកើតហេតុនោះឡើយ ពេលដែលពួកគេទៅដល់ ។
ក្រុមសិទ្ធិមនុស្សអ៊ីស្រាអែល Yesh Din និយាយថា ករណីបង្កអំពើហិង្សា ឬកំហុសរបស់ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែល ពុំដែលរងការចោទប្រកាន់នោះឡើយពីអាជ្ញាធរអ៊ីស្រាអែល ៕