ឧត្តមសេនីយ៍ជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយកាលពីថ្ងៃពុធ៣មិថុនាសប្ដាហ៍នេះ ថា សហរដ្ឋអាមេរិករំពឹងថាសម្ព័ន្ធមិត្តណាតូអឺរ៉ុប និងកាណាដា នឹងបង្កើនចំនួនយន្តហោះ និងនាវាមានមនុស្សបើក និងគ្មានមនុស្សបើកឲ្យបានឆាប់ ដែលពួកគេរួមចំណែកដល់ផែនការការពារជាតិរបស់សម្ព័ន្ធភាពនេះ ខណៈទីក្រុងវ៉ាស៊ីនតោន កាត់បន្ថយការចំណាយនៅក្នុងវិស័យទាំងនេះ ។

សេចក្តីថ្លែងការណ៍របស់ឧត្តមសេនីយ៍កងទ័ពអាកាសអាមេរិកលោក Alexus Grynkewich ដែលមេបញ្ជាការជាន់ខ្ពស់របស់សម្ព័ន្ធយោធាណាតូ និងជាប្រធានកងកម្លាំងអាមេរិកនៅអឺរ៉ុប បានធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋបាលលោក Trump ដើម្បីកាត់បន្ថយសមត្ថភាពយោធារបស់សហរដ្ឋអាមេរិកដែលមានសម្រាប់ណាតូ។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានរិះគន់ណាតូម្តងហើយម្តងទៀត ហើយបានប្រាប់សមាជិកអឺរ៉ុបរបស់ខ្លួនថា ពួកគេនឹងត្រូវទទួលខុសត្រូវចម្បងចំពោះការការពារទ្វីបនេះ។

សហរដ្ឋអាមេរិកបានប្រាប់សម្ព័ន្ធមិត្តរបស់ខ្លួនកាលពីខែមុនអំពីការសម្រេចចិត្តរបស់ខ្លួនក្នុងការកាត់បន្ថយការចូលរួមចំណែករបស់ខ្លួនចំពោះក្របខ័ណ្ឌមួយដែលគេស្គាល់ថាជាគំរូកងកម្លាំងណាតូ ដោយរួមមានកងកម្លាំងដែលអាចត្រូវបានធ្វើឱ្យសកម្មក្នុងអំឡុងពេលមានវិបត្តិ។
សហរដ្ឋអាមេរិកពុំបានបង្ហាញជាសាធារណៈនូវព័ត៌មានលម្អិតនៃការកាត់បន្ថយដែលបានគ្រោងទុកនោះទេ។ ប៉ុន្តែវារួមបញ្ចូលទាំងការកាត់បន្ថយសមត្ថភាពជាច្រើនប្រភេទ រួមទាំងការចាក់ប្រេងយន្តហោះ យន្តហោះចម្បាំង យានដ្រូន និងនាវាកងទ័ពជើងទឹក នេះបើយោងតាមតួលេខដែលផ្តល់ឱ្យទៅទីភ្នាក់ងារព័ត៌មាន Reuters ដោយប្រភពយោធាមួយ៕

