ក្លិបបិសាចក្រហម Manchester United បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិបអ៊ីតាលី Atalanta ក្នុងការផ្ទេរខ្សែបម្រើជម្រើសជាតិប្រេស៊ីល Ederson ក្នុងតម្លៃ ៣៥ លានផោន។
កីឡាករវ័យ ២៦ ឆ្នាំរូបនេះ នៅមិនទាន់ឆ្លងកាត់ការពិនិត្យសុខភាពនៅឡើយទេ ប៉ុន្តែប្រភពជិតស្និទ្ធបានបញ្ជាក់ថា ការផ្ទេរនេះត្រូវបានរំពឹងថានឹងបញ្ចប់ជាផ្លូវការនៅដើមខែកក្កដា មុនពេលក្រុមបិសាចក្រហមចាប់ផ្តើមការហ្វឹកហាត់ត្រៀមរដូវកាលថ្មី។
បន្ទាប់ពីផ្តោតលើការពង្រឹងតំបន់ប្រយុទ្ធកាលពីឆ្នាំមុន ពេលនេះ Manchester United បានប្តូរយុទ្ធសាស្ត្រមកពង្រឹងតំបន់បម្រើកណ្តាលវិញ។ មូលហេតុសំខាន់មួយ គឺការចាកចេញរបស់ខ្សែបម្រើជើងចាស់ Casemiro ខណៈការបង្ហាញទម្រង់លេងរបស់ Manuel Ugarte មិនទាន់អាចបំពេញការរំពឹងទុកបាន តាំងពីផ្ទេរពី Saint-Germain ក្នុងតម្លៃ ៥០ លានផោនកាលពីឆ្នាំ ២០២៤។
Ederson មានបទពិសោធន៍លេងបានច្រើនតួនាទីនៅតំបន់បម្រើ និងត្រូវបានគេចាត់ទុកថាជាកីឡាករដែលមានភាពបត់បែនខ្ពស់។ អំឡុងពេលលេងឱ្យ Atalanta រូបគេរកបាន ១៦ គ្រាប់ពីការបង្ហាញខ្លួន ១៨០ ប្រកួតគ្រប់កម្មវិធីប្រកួតទាំងអស់។
ទោះបីជាមានការបង្ហាញទម្រង់លេងល្អនៅកម្រិតក្លិបក៏ដោយ Ederson ទើបតែបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិ ប្រេស៊ីលបាន ៣ ប្រកួតប៉ុណ្ណោះ។ រូបគេក៏ធ្លាប់មានឈ្មោះក្នុងបញ្ជីបឋមកីឡាករ ៥៥ នាក់ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកផងដែរ ប៉ុន្តែមិនអាចជាប់ក្នុងបញ្ជីចុងក្រោយដែលជ្រើសរើសដោយគ្រូបង្វឹក Carlo Ancelotti បានឡើយ៕ អត្ថបទ៖នាង សុភាវុធ



