ភ្នំពេញ ៖ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសចិន ប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី និងក្រុងសៀងហៃ បានអន្តរាគមន៍ជួយពលករ និងស្ត្រីខ្មែររងគ្រោះឲ្យមកប្រទេសខ្មែរវិញជាបន្តបន្ទាប់ក្រោយពី ពួកគេ បានចាញ់បោកមេខ្យល់ទៅរៀបការជាមួយបុរសជាជនជាតិចិន និងធ្វើការ ដោយខុសច្បាប់ជាដើមនោះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងហសប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិនបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ ចិន ធ្វើអន្តរាគមន៍ជួយសង្គ្រោះ និងរៀបចំមាតុភូមិនិវត្តន៍របស់ស្ត្រីខ្មែរចំនួន៧នាក់ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតនាំទៅរៀបការដោយខុសច្បាប់ ជាមួយបុរសជនជាតិចិននៅក្នុងប្រទេសចិន ហើយពួកគេបានមកដល់កម្ពុជាវិញជាបន្តបន្ទាប់កាលពីកន្លងទៅថ្មីៗនេះ ផងដែរ។
សេចក្តីជូនដំណឹង បានបន្តទៀតថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ក៏បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ម៉ាឡេស៊ី រៀបចំមាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរចំនួន៧នាក់ (ស្រី១នាក់) មកពីខេត្ត ក្រចេះ កណ្តាល កំពង់ចាម ត្បូងឃ្មុំ និងខេត្តបាត់ដំបង ដែលបានទៅធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី ហើយមានបំណងត្រឡប់មកកម្ពុជាវិញផងដែរដោយពួកគេទាំងនោះក៏បានមកដល់ប្រទេសកម្ពុជាហើយដែរ។
សេចក្តីជូនដំណឹងដដែល បានបន្តទៀតថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី បានជួយសម្របសម្រួលរៀបចំមាតុភូមិនិវត្តន៍របស់ពលករនេសាទខ្មែរចំនួន២នាក់ មានអាយុ២៨ឆ្នាំនិង៣៦ឆ្នាំ មកពីខេត្តកំពង់ធំ ដែលត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីឃាត់ខ្លួន ក្រោយពីទូកនេសាទដែលពួកគេធ្វើការ បានចូលក្នុងដែនទឹកឥណ្ឌូនេស៊ី។ ពលករទាំង២នាក់នោះ បានត្រឡប់មកដល់កម្ពុជាវិញ នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ។
នៅក្នុងខែសីហានេះដែរ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានសហការជាមួយអាជ្ញាធរចិន ធ្វើអន្តរាគមន៍ជួយស្ត្រីខ្មែរចំនួន១០នាក់ មានអាយុចន្លោះពី១៩ឆ្នាំដល់៣៤ឆ្នាំ មកពីខេត្តកណ្តាល កំពត កំពង់ស្ពឺ កំពង់ចាម ត្បូងឃ្មុំ តាកែវ រតនគិរី ស្វាយរៀង និងរាជធានីភ្នំពេញ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតនាំទៅរៀបការ និងស្នាក់នៅដោយខុសច្បាប់ជាមួយបុរសជនជាតិចិន នៅប្រទេសចិន។ ស្ត្រីរងគ្រោះទាំង១០នាក់ ត្រូវបានបញ្ជូនមកដល់កម្ពុជាវិញជាបន្តបន្ទាប់នៅថ្ងៃទី១៣ ទី១៨ និងទី២៥ ខែ សីហា ឆ្នាំ ២០១៨៕
