បាល់ទាត់៖ ក្រុមតោខៀវ Chelsea កំពុងសម្លឹងមើលការផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើល ក្នុងនាំយកខ្សែប្រយុទ្ធ Sergio Aguero ពី Manchester City។ សារព័ត៌មាន Daily Mail បានចុះផ្សាយពាក្យសំដីរបស់ Aguero ដែលលើកឡើងថា គេសង្ឃឹមថានឹងបន្តនៅ Premier League នៅរដូវកាលក្រោយ ទោះបីគាត់ចាកចេញពី Manchester City ក៏ដោយ។

កិច្ចសន្យារបស់ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ នឹងផុតកំណត់នៅខែមិថុនាចុងរដូវកាលនេះ ហើយក៏គ្មានការពិភាក្សាណាមួយត្រូវបានធ្វើឡើង ក្នុងល័ក្ខខ័ណ្ឌថ្មីនៃការបន្តកិច្ចសន្យានោះទេ។ គេជឿជាក់ថា Barcelona បានទាក់ទងជាមួយ Aguero ទាក់ទងនឹងការផ្ទេរដោយមិនគិតថ្លៃនេះ។ ប៉ុន្តែប្រធានថ្មីរបស់ Barcelona លោក Joan Laporta នឹងត្រូវប្រកួតប្រជែងជាមួយ Paris Saint-Germain និង Chelsea។ ក្រុមតោខៀវ Chelsea គឺជាក្រុមដែលមានការកោតសរសើរច្រើន លើសមត្ថភាពរបស់កីឡាករវ័យ ៣២ឆ្នាំរូបនេះ ហើយធ្លាប់បានព្យាយាមនាំយកមកកាន់ Stamford Bridge កាលពី ១០ឆ្នាំមុនពេល Manchester City នាំយកពី Atletico Madrid។
កីឡាករសញ្ជាតិអាហ្សង់ទីន ដែលជាអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេរបស់ Man City បានតស៊ូជាមួយនឹងការរងរបួស និងជំងឺនៅរដូវកាលនេះ ដែលធ្វើឲ្យគេបង្ហាញខ្លួនបានតែ ៥ ប្រកួតប៉ុណ្ណោះគ្រប់ក្របខណ្ឌ។ Sergio Aguero បានសំដែងការមិនពេញចិត្ត ក្រោយបាត់បង់ឱកាសនៅលើទីលាន បន្ទាប់ពីជាពីរបួសពេញលេងតាំងពីខែមករា៕
អត្ថបទ៖នាង សុភាវុធ