សារព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីល្ងាចថ្ងៃពុធ៣ មិថុនា សប្ដាហ៍នេះថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់ក្រុមមន្ត្រីជំនិតរបស់លោកជាឯកជនថា លោកនឹងពិចារណាបញ្ចប់បទឈប់បាញ់ជាមួយអ៊ីរ៉ង់ ប្រសិនបើកងទ័ពអាមេរិកត្រូវបានសម្លាប់។

ការអត្ថាធិប្បាយរបស់លោក Trump បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបើកការវាយវាយប្រហារតាមអាកាសដាក់គ្នាជាបន្តបន្ទាប់ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក ជាការសាកល្បងបទឈប់បាញ់ដ៏ទន់ខ្សោយរួចទៅហើយរវាងប្រទេសទាំងពីរ។

សហរដ្ឋអាមេរិកភាគច្រើនបានហៅការវាយប្រហារថ្មីៗនេះថាជា "ការការពារខ្លួន" ខណៈអ៊ីរ៉ង់បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាបានរំលោភលើបទឈប់បាញ់។ ប៉ុន្តែរបាយការណ៍ពីសារព័ត៌មាន Wall Street Journal បានបង្ហាញថា មន្ត្រីអាមេរិកទទូចថា បទឈប់បាញ់នៅតែអនុវត្ត ទោះបីជាមានអរិភាពថ្មីៗនេះក៏ដោយ។
យោធាអាមេរិកបាននិយាយថា យ៉ាងហោចណាស់មានសមាជិកយោធាអាមេរិកចំនួន១៥ នាក់ត្រូវបានសម្លាប់ និង៥៤៣ នាក់រងរបួសនៅក្នុងសង្គ្រាមអ៊ីរ៉ង់។ អ្នកស្លាប់ និងរបួសរបស់អ៊ីរ៉ង់ វិញ ត្រូវបានគេប៉ាន់ប្រមាណថាយ៉ាងហោចណាស់លើសពី ៦.០០០នាក់។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បាននិយាយថា ទីក្រុងតេអេរ៉ង់បានបញ្ឈប់ការចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិក។ លោក Trump បានអះអាងម្តងហើយម្តងទៀតថា ការចរចាជាមួយអ៊ីរ៉ង់នៅតែដំណើរការ ហើយថ្មីៗនេះបាននិយាយថា កិច្ចព្រមព្រៀងសន្តិភាពអាចសម្រេចបានក្នុងរយៈពេលមួយសប្តាហ៍។
មហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅតែជាចំណុចខ្ទាស់សំខាន់នៃការឈ្លោះប្រកែកគ្នា ដោយទីក្រុងតេអេរ៉ង់បានបដិសេធម្តងហើយម្តងទៀតនូវការទាមទារពីសហរដ្ឋអាមេរិកក្នុងការប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចរបស់ខ្លួន៕

