សម្ព័ន្ធយោធា NATO កំពុងបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះអ៊ុយក្រែន ខណៈអគ្គលេខាធិការ លោក Mark Rutte បានទៅដល់ទីក្រុងគីវកាលពីថ្ងៃពុធ ហើយលោកត្រូវបានចូលរួមដោយក្រុមប្រឹក្សាអាត្លង់ទិកខាងជើង។ នេះជាលើកដំបូង ដែលស្ថាប័នធ្វើការសម្រេចចិត្តសំខាន់របស់ណាតូ បានធ្វើទស្សនកិច្ចនៅរដ្ឋធានីអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី។ សមាជិកសម្ព័ន្ធមិត្តទាំង៣២ប្រទេស បានធ្វើដំណើរទស្សនកិច្ចនេះ។

សមាជិកសម្ព័ន្ធមិត្តបានចូលរួមក្នុងពិធីមួយជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដើម្បីគោរពវិញ្ញាណក្ខន្ធទាហានអ៊ុយក្រែនដែលបានស្លាប់។ លោក Rutte បានសង្កត់ធ្ងន់ថា NATO នៅតែបន្តគាំទ្រទីក្រុងគីវ។ លោកបាននិយាយថា «គ្រោះថ្នាក់ដែលរុស្ស៊ីបន្តបង្កឡើងគឺជាការពិត ហើយការតាំងចិត្តរបស់យើងក្នុងការការពារខ្លួនយើង ហើយបន្តគាំទ្រអ៊ុយក្រែនក្នុងការប្រឈមទៅនឹងការគំរាមកំហែង គឺមិនចុះខ្សោយឡើយ។
ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងភ្លាមៗបន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំនៅទូទាំងប្រទេសកាលពីដើមសប្តាហ៍នេះ។ លោក Rutte បាននិយាយថា ដំណើរទស្សនកិច្ចនេះបញ្ជូនសារដ៏រឹងមាំនៃ «ចំណងទំនាក់ទំនងដ៏យូរអង្វែង» រវាងណាតូ និងអ៊ុយក្រែន។
