ខណៈការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 កាន់តែខិតជិតមកដល់ ទីក្រុងម្ចាស់ផ្ទះនៅប្រទេសម៉ិកស៊ិក កាណាដា និងសហរដ្ឋអាមេរិក កំពុងប្រើប្រាស់មុខម្ហូបប្រចាំតំបន់ដ៏ល្បីល្បាញរបស់ខ្លួន ដើម្បីស្វាគមន៍ និងទាក់ទាញអ្នកគាំទ្របាល់ទាត់រាប់លាននាក់ដែលនឹងធ្វើដំណើរមកទស្សនាការប្រកួត។
ក្រៅពីភាពរំភើបនៃការប្រកួតបាល់ទាត់ ទីក្រុងម្ចាស់ផ្ទះទាំងអស់ក៏កំពុងប្រើប្រាស់អាហារប្រចាំតំបន់ជាមធ្យោបាយបង្ហាញអត្តសញ្ញាណ វប្បធម៌ និងបដិសណ្ឋារកិច្ចរបស់ខ្លួន ដើម្បីផ្តល់បទពិសោធន៍ពិសេសដល់អ្នកគាំទ្របាល់ទាត់ពីគ្រប់ទិសទីនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកផងដែរ។
នៅ Mexico City អាហារ Tacos ត្រូវបានគេរំពឹងថា នឹងក្លាយជាជម្រើសដំបូងសម្រាប់ភ្ញៀវទេសចរជាច្រើន។ តាមបណ្តាហាងលក់ Tacos ទូទាំងទីក្រុង អ្នកទស្សនានឹងអាចស្វែងយល់ពីវប្បធម៌អាហារតាមដងផ្លូវដ៏រស់រវើករបស់រដ្ឋធានីម៉ិកស៊ិក។ អ្នកផលិតនំ Tortilla នៅ El Califa de León លោកស្រី Carolina Gonzalez បានបង្ហាញក្តីសង្ឃឹមថា ការប្រកួត World Cup នឹងជួយបង្កើនចំនួនអតិថិជនយ៉ាងច្រើន។
នៅ Philadelphia មុខម្ហូប Cheesesteak កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ខណៈនាឡិការាប់ថយក្រោយទៅកាន់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកបន្តដំណើរការ។ លោក Anthony Rossi ដែលជាចុងភៅនៅ Geno's Steaks បាននិយាយថា វិធីល្អបំផុតក្នុងការសាកល្បង Cheesesteak គឺបញ្ជាទិញតាមរូបមន្តបែបសាមញ្ញដើមរបស់ទីក្រុង។
ចំណែកឯ Toronto កំពុងផ្សព្វផ្សាយមុខម្ហូប Poutine ដែលផ្សំឡើងពីដំឡូងបំពង ទឹកស៊ុប Gravy និងឈីស Curds។ ម្ចាស់ និងចុងភៅនៃ Poutine Hub លោក Gagan Deep បានឱ្យដឹងថា ភោជនីយដ្ឋានកំពុងត្រៀមខ្លួនទទួលភ្ញៀវអន្តរជាតិយ៉ាងច្រើននៅពេលការប្រកួតចាប់ផ្តើម។
នៅតំបន់ Kansas City មុខម្ហូប Barbecue ឬសាច់អាំងបែបប្រពៃណី នឹងក្លាយជាចំណុចទាក់ទាញដ៏សំខាន់មួយ។ តំបន់នេះមានកេរ្តិ៍ឈ្មោះល្បីល្បាញជាយូរមកហើយសម្រាប់អ្នកស្រឡាញ់សាច់អាំង។ អ្នកទទួលទានម្នាក់ឈ្មោះ Camilla Thomas បាននិយាយថា Joe's Kansas City Bar-B-Que គឺជាកន្លែងដែលនាងតែងនាំភ្ញៀវពីក្រៅទីក្រុងមកទទួលទានជានិច្ច។
ជាមួយគ្នានេះដែរនៅ Miami មុខម្ហូប Cuban Sandwich កំពុងតំណាងឱ្យអត្តសញ្ញាណវប្បធម៌របស់ទីក្រុង។ លោក Daniel Figueredo បានបញ្ជាក់ថា Sandwich ប្រភេទនេះ គឺជាអាហារដែលភ្ញៀវមិនគួររំលងនៅពេលមកដល់ទីក្រុង Miami៕ អត្ថបទ៖នាង សុភាវុធ


