កាលពីថ្ងៃពុធ ទី៣ ខែមិថុនា នគរបាលប្រទេសបូលីវី បានបណ្តេញសមាជិកសហគមន៍ដែលបានដណ្តើមយកការគ្រប់គ្រងនៅរោងចក្រប្រេងមួយកន្លែងក្នុងតំបន់ Santa Cruz ប្រទេសបូលីវី។

អាជ្ញាធរបាននិយាយថា មន្ត្រីនគរបាលបានប្រើប្រាស់ឧស្ម័នបង្ហៀរទឹកភ្នែកដើម្បីបំបែកក្រុមអ្នកតវ៉ាដែលបានដណ្តើមយកទីតាំងនោះ ខណៈបានអំពាវនាវឱ្យប្រធានាធិបតី លោក Rodrigo Paz ចុះចេញពីតំណែង។ ប្រតិបត្តិការនេះ ធ្វើឡើងនៅទីក្រុង Santa Rosa del Sara ដោយនគរបាលរាយការណ៍បឋមថា មនុស្ស៤នាក់ត្រូវបានឃុំខ្លួន។

ភាពវឹកវរបានធ្វើឱ្យប្រទេសបូលីវីរង្គោះរង្គើរយៈពេលជាងមួយខែមកហើយ។ ជម្លោះ បានចាប់ផ្តើមដោយកូដកម្មរបស់កម្មករកាលពីខែឧសភាដែលបានកើនឡើងទៅជាការបិទផ្លូវហាយវេ ដែលបានកាត់ផ្តាច់ដំណើរការចូលទៅកាន់ទីក្រុង La Paz និងទីក្រុង El Alto ដែលនៅជិតខាងមានប្រជាជនប្រហែល២លាននាក់រស់នៅ។
ក្រុមអ្នកតវ៉ា រួមទាំងសហជីពកម្មករ និងក្រុមដែលស្មោះត្រង់ទៅនឹងអតីតប្រធានាធិបតីឆ្វេងនិយម លោក Evo Morales កំពុងទាមទារឱ្យរដ្ឋាភិបាលរបស់លោក Paz ដកចេញវិធានការរឹតត្បិតថវិកា និងដោះស្រាយការកើនឡើងការចំណាយក្នុងជីវភាពរស់នៅ។