មនុស្សរាប់ម៉ឺននាក់ បានចេញធ្វើបាតុកម្មទៅកាន់សភាអាហ្សង់ទីន កាលពីថ្ងៃពុធ ទី៣ ខែមិថុនា ដើម្បីតវ៉ាប្រឆាំងអត្រាដ៏ខ្ពស់នៃអំពើហិង្សាលើស្ត្រី បន្ទាប់ពីការសម្លាប់ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់នៅក្នុងខេត្ត Cordoba ដែលបានធ្វើឱ្យប្រទេសនេះរង្គោះរង្គើ។

ការហែរក្បួនតវ៉ា ត្រូវបានរៀបចំដោយក្រុមគាំទ្រស្ត្រី សហជីព និងអង្គការនយោបាយ ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសអាហ្សង់ទីន រយៈពេល១១ឆ្នាំមកហើយ។ អ្នករៀបចំនិយាយថា ការសម្លាប់ស្ត្រី កើតឡើងរៀងរាល់៣១ម៉ោងម្តងនៅក្នុងប្រទេសអាហ្សង់ទីន ។

នៅទីក្រុង Buenos Aires និងទីក្រុងជាច្រើនទៀតនៅទូទាំងប្រទេស ក្រុមអ្នកតវ៉ាដែលមានកន្សែង និងក្រណាត់ពណ៌ស្វាយ បានកាន់ស្លាកសរសេរពាក្យសំដៅទៅលើករណីសម្លាប់ស្ត្រី ដែលក្រុមអ្នកតវ៉ានិយាយថានៅតែបន្តកើនឡើង។
ការតវ៉ានេះ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីមានព័ត៌មានលេចចេញអំពីការរំលោភ និងឃាតកម្ម លើស្ត្រី និងក្មេងស្រីវ័យជំទង់។