កាលពីថ្ងៃពុធ កូវ៉ែតបានកោះអញ្ជើ្ញភារធារីអ៊ីរ៉ង់ បណ្តេញអ្នកការទូតអ៊ីរ៉ង់ពីរនាក់ និងកាត់បន្ថយទំហំបេសកកម្មការទូតរបស់អ៊ីរ៉ង់ នៅក្នុងប្រទេសនេះ ដោយបញ្ជាក់ជាថ្មីថា ទឹកដី និងដែនអាកាសរបស់ខ្លួនមិនត្រូវបានប្រើដើម្បីវាយប្រហារ «ប្រទេសណាមួយឡើយ»។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ក្រសួងការបរទេសកូវ៉ែតបាននិយាយថា អនុរដ្ឋមន្ត្រីការបរទេស លោក Hamad Sulaiman Al-Mashaan បានប្រគល់លិខិតតវ៉ាជាផ្លូវការមួយច្បាប់ជូនលោក Hamid Yaqoubi Far ភារធារីស្ថានទូតអ៊ីរ៉ង់ប្រចាំកូវ៉ែត ជុំវិញការវាយប្រហារដែលកំពុងបន្ត។
ក្រសួងបាននិយាយថា កូវ៉ែតបានប្រកាសថា សមាជិកពីរនាក់នៃបេសកកម្មការទូតអ៊ីរ៉ង់ជាបុគ្គលដែលមិនត្រូវបានស្វាគមន៍ ហើយបានបញ្ជាឲ្យពួកគេចាកចេញពីប្រទេសនេះ ក្នុងរយៈពេល ២៤ ម៉ោង។

លោក Al-Mashaan បាននិយាយថា ការសម្រេចនេះ ត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកបានពិពណ៌នាថា ជាការវាយប្រហារ «ជាបន្តបន្ទាប់ និងជាក់ស្តែង» ដែលពាក់ព័ន្ធនឹងមីស៊ីលបាលីស្ទីកនិងយានដ្រូនដែលលោកបានអះអាងថា បានរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសគូវ៉ែត ក៏ដូចជាច្បាប់អន្តរជាតិ និងសេចក្តីសម្រេចដែលពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ៕