រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា អ៊ីរ៉ង់មិនចង់ឲ្យមានការបន្តអរិភាពជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលទេ ប៉ុន្តែមានសមត្ថភាពទប់ទល់នឹងជម្លោះឲ្យបានយូរ។

លោកបានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Al Mayadeen TV ថា៖«ស្ថានភាពយោធារបស់យើងកាន់តែប្រសើរឡើងជាងពេលមុនសង្គ្រាម ៤០ ថ្ងៃទៅទៀត ពីព្រោះយើងបានអភិវឌ្ឍន៍សមត្ថភាពដែលមិនមានក្នុងអំឡុងពេលជម្លោះនោះ។ ឧស្សាហកម្មយោធារបស់យើង កាន់តែមានប្រសិទ្ធភាព។ ដូច្នេះ យើងមានសមត្ថភាពក្នុងការបន្តសង្គ្រាមឲ្យបានយូរ ប្រសិនបើចាំបាច់។ ប៉ុន្តែនោះមិនមានន័យថាយើងត្រូវការសង្គ្រាមនោះទេ"។

លោក Araghchi ក៏បានសង្កត់ធ្ងន់ផងដែរថា អ៊ីរ៉ង់ «មិនស្វែងរកសង្គ្រាម ហើយក៏មិនបានចាប់ផ្តើមសង្គ្រាមនេះដែរ»។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ។ កងឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ បានប្រកាសពីប្រតិបត្តិការសងសឹក ដោយកំណត់គោលដៅទីតាំងនានានៅក្នុងប្រទេសអ៊ីស្រាអែល។ មូលដ្ឋានយោធាអាមេរិកនៅប្រទេសបារ៉ែន អ៊ីរ៉ាក់ ហ្ស៊កដានី កូវ៉ែត កាតា អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម ក៏ត្រូវបានវាយប្រហារផងដែរ។ ទីក្រុងតេអេរ៉ង់បានសម្រេចចិត្តបិទច្រកសមុទ្រហ័រមូសចំពោះនាវាដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក អ៊ីស្រាអែល និងប្រទេសដែលគាំទ្រការឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់៕