អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU) លោកស្រី Kaja Kallas បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃពុធ (ទី៣ ខែមិថុនា ឆ្នាំ២០២៦) ថា ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន នៅក្នុងប្រទេសរុស្ស៊ី កំពុងបង្កឲ្យមាន «ការភ័យស្លន់ស្លោ» សម្រាប់វិមានក្រឹមឡាំង ដោយបញ្ជាក់ថា ទីក្រុងមូស្គូកំពុងមានប្រតិបត្តិការលើទីក្រុងគីវ ដោយបង្កើនការវាយប្រហារកាន់តែខ្លាំងឡើងៗ។

យានដ្រូនរបស់អ៊ុយក្រែន បានវាយប្រហារទីតាំងថាមពល និងយោធា នៅទីក្រុង Saint Petersburg កាលពីថ្ងៃទី៣ ខែមិថុនា ខណៈដែលមន្ត្រីបានជួបជុំគ្នា សម្រាប់សន្និសីទសេដ្ឋកិច្ចដ៏សំខាន់របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅក្នុងទីក្រុងនេះ។

លោកស្រី Kallas បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា៖ «វាបង្ហាញយ៉ាងច្បាស់ពីភាពភ័យស្លន់ស្លោ នៅខាងរុស្ស៊ីផងដែរ។ ហើយហេតុអ្វីបានជាពួកគេកំពុងបង្កើនការវាយប្រហារភេរវកម្មដែលពួកគេកំពុងធ្វើ នៅអ៊ុយក្រែន គឺដោយសារតែពួកគេមិនដឹងថា ត្រូវធ្វើអ្វីជាមួយរឿងទាំងនេះ»។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានពិពណ៌នា អំពីការវាយប្រហារទាំងនោះថា ជាការសងសឹក «ដ៏យុត្តិធម៌» ចំពោះការទម្លាក់គ្រាប់បែករបស់រុស្ស៊ី លើអ៊ុយក្រែន ហើយបានគំរាមកំហែងថានឹងចាប់ផ្តើមបន្ថែមទៀត។
លោកស្រី Kallas បានបញ្ជាក់ថា៖ «អ៊ុយក្រែនពិតជាបានបង្កើនការវាយប្រហារចូលជ្រៅ លើរោងចក្រប្រេង ពីព្រោះប្រេង គឺជាប្រភពផ្តល់ហិរញ្ញប្បទានដល់សង្គ្រាម នៅអ៊ុយក្រែន។ ក្នុងពេលជាមួយគ្នានេះ យើងឃើញថា លោក Putin កំពុងបាត់បង់ហិរញ្ញវត្ថុ មនុស្ស និងសន្ទុះ ហើយនោះហើយជាមូលហេតុដែលរូបលោកកំពុងបង្កើនការវាយប្រហារលើជនស៊ីវិល»។
មេដឹកនាំរុស្ស៊ីបានបើកការវាយប្រហារដោយយានដ្រូន និងមីស៊ីលដ៏សាហាវជាបន្តបន្ទាប់ លើអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣នាក់ កាលពីថ្ងៃទី២ ខែមិថុនា។ ហើយលោកស្រី Kallas បាននិយាយថា៖ «គាត់ (លោក Putin)ច្បាស់ជាកំពុងបំភិតបំភ័យបន្ថែមទៀត ដើម្បីបង្កើតការភ័យខ្លាច និងដោយសារតែលោកកំពុងជួបបញ្ហានៅក្នុងសមរភូមិនេះ»៕