កុមារា Ederson Galicia Alva អាយុ ១១ ឆ្នាំ ទើបតែចុះពីយន្តហោះ ហើយចូលទៅក្នុងច្រករបៀងដ៏ងងឹត នៃអាកាសយានដ្ឋាន Miami នៅពេលដែលភ្នាក់ងារសហព័ន្ធបានទាញម្តាយរបស់ខ្លួន ទៅម្ខាង ដើម្បីសាកសួរ។
ការភ័យស្លន់ស្លោ បានកើនឡើង។ ការរំភើបរបស់ក្មេងប្រុសនេះដែលទើបតែបានត្រឡប់ទៅសម្រាកជាមួយមិត្តរួមថ្នាក់នៅរដ្ឋហ្វ្លរីដារបស់ខ្លួន បានរលាយបាត់ទៅភ្លាមៗ។ តើរដ្ឋាភិបាលនឹងយកម្តាយរបស់ខ្លួន ទៅឆ្ងាយម្តងទៀតមែនទេ?

នេះគឺមិនមែនជារបួសដំបូងរបស់កុមារារូបនេះទេ។ នៅឆ្នាំ ២០១៨ នៅពេលដែលរូបគេ មានអាយុត្រឹមតែ ៣ ឆ្នាំ Ederson ត្រូវបានគេបំបែកចេញពីដៃម្តាយរបស់ខ្លួន នៅព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ក្រោមគោលនយោបាយបំបែកគ្រួសារដំបូងរបស់រដ្ឋបាលលោក ត្រាំ ហើយត្រូវបានញែកដាច់ពីម្តាយ នៅក្នុងកន្លែងស្នាក់នៅរបស់រដ្ឋាភិបាលអស់រយៈពេលជាច្រើនខែ។ ទីបំផុត ពួកគេបានជួបជុំគ្នាវិញ បន្ទាប់ពីមេធាវី បានធ្វើអន្តរាគមន៍។ ក្រោយមក នៅក្នុងខែមិថុនា ឆ្នាំមុន Ederson និងម្តាយរបស់ខ្លួន ត្រូវបានបំបែកជាលើកទី២ ទោះបីជាមានការការពារផ្នែកច្បាប់ដែលមានន័យថា រក្សាពួកគេ និងគ្រួសារដូចពួកគេ នៅជាមួយគ្នាក៏ដោយ។

ក្រោយមក Ederson បានទៅរស់ជាមួយម្តាយរបស់ខ្លួន នៅក្នុងតំបន់ Guatemala។ បន្ទាប់ពីរយៈពេល ១១ ខែដ៏វេទនា និងស្ថានភាពដ៏លំបាកនៅតំបន់ខ្ពង់រាបជនជាតិដើមភាគតិច ក្រុមគ្រួសាររបស់កុមារា Ederson ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅរដ្ឋហ្វ្លរីដាវិញកាលពីសប្តាហ៍មុន បន្ទាប់ពីចៅក្រមតុលាការសហព័ន្ធបានចេញសេចក្តីសម្រេចថា រដ្ឋាភិបាលបានធ្វើសកម្មភាពខុសច្បាប់៕