អ្នកនាំពាក្យរបស់ទីភ្នាក់ងារការពារជនស៊ីវិលនៅក្នុងទឹកដីប៉ាឡេស្ទីន បានប្រាប់សារព័ត៌មាន AFPថា ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨ នាក់ នៅថ្ងៃព្រហស្បតិ៍ (ទី ០៤ មិថុនា)នេះ។
អ្នកនាំពាក្យលោក Mahmoud Bassal បាននិយាយថា៖«យ៉ាងហោចណាស់មនុស្សចំនួន ៨នាក់ បានស្លាប់ ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុងហ្កាហ្សា នៅពេលព្រឹកព្រលឹម» ដោយមានមនុស្ស ៧នាក់ បានស្លាប់ នៅក្នុងការវាយប្រហារលើអគារលំនៅឋាន និងម្នាក់ នៅក្នុងជំរំជនភៀសខ្លួន Al-Shati នៅភាគខាងលិចនៃទីក្រុងនេះ។

លោកបានបន្ថែមថា មន្ទីរពេទ្យ Al-Shifa នៅក្នុងទីក្រុងហ្កាហ្សា ក៏បានរាយការណ៍ថា មានមនុស្ស ១៥ នាក់ រងរបួស នៅក្នុងការវាយប្រហារនោះ ផងដែរ។
ទោះបីជាមានបទឈប់បាញ់តាមបច្ចេកទេស ចាប់តាំងពីខែតុលាក៏ដោយ អំពើហិង្សាប្រចាំថ្ងៃ បានធ្វើឲ្យ រង្គោះរង្គើតំបន់ហ្កាហ្សា ដែលជាងពាក់កណ្តាលស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធាអ៊ីស្រាអែល ដោយបំពានលក្ខខណ្ឌនៃបទឈប់បាញ់នេះ៕
