លោក Alexander Shchetinin ប្រធាននាយកដ្ឋានអាមេរិកឡាទីន នៃក្រសួងការបរទេសរុស្ស៊ី បានប្រាប់សារព័ត៌មាន TASS នៅខាងក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុង St. Petersburg (SPIEF) ថា ទីក្រុងមូស្គូ និងទីក្រុងឡាហាវ៉ាន កំពុងសម្របសម្រួលជំហានរបស់ពួកគេ ដើម្បីជួយគុយបាដោះស្រាយវិបត្តិដែលប្រទេសនេះកំពុងជួបប្រទះ។

លោកបាននិយាយថា៖«យើងកំពុងចូលរួមក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធបំផុតជាមួយមិត្តភក្តិគុយបារបស់យើង។ ដោយពុំមានក្តីសង្ស័យ យើងសម្របសម្រួលជំហានដែលត្រូវអនុវត្តនៅក្នុងស្ថានភាពដ៏លំបាកដែលពួកគេកំពុងដោះស្រាយនាពេលបច្ចុប្បន្ន»។
អ្នកការទូតរូបនេះបានបន្ថែមថា៖«ប្រទេសគុយបា នៅតែជាដៃគូ និងជាមិត្តរបស់យើង ហើយយើងបន្ត ផ្តល់ការគាំទ្រផ្នែកនយោបាយដល់ប្រទេសនេះ។
ស្ថានភាពនៅក្នុងប្រទេសគុយបា កាន់តែយ៉ាប់យ៉ឺនយ៉ាងខ្លាំង នៅចុងខែមករា បន្ទាប់ពីរដ្ឋបាលសហរដ្ឋអាមេរិក បានប្រកាសពីវិធានការដែលមានគោលបំណងបិទការផ្គត់ផ្គង់ប្រេងឥន្ធនៈទាំងស្រុង ទៅកាន់កោះនេះ។ កាលពីខែមីនា បណ្តាញអគ្គិសនីជាតិ មិនដំណើរការទាំងស្រុងបីដង។ ប្រទេសគុយបាកំពុងប្រឈមនឹងការខ្វះខាតប្រេងសាំង និងប្រេងម៉ាស៊ូតយ៉ាងខ្លាំង។ ក្រុមហ៊ុនបរទេសមួយចំនួន បានផ្អាកជើងហោះហើរទៅកាន់ប្រទេសនេះ ដោយសារតែខ្វះប្រេងឥន្ធនៈយន្តហោះ នៅអាកាសយានដ្ឋានគុយបា៕
