ក្រុមសម្ព័ន្ធមិត្តអឺរ៉ុបសំខាន់ៗរបស់ប្រទេសអ៊ុយក្រែន កំពុងធ្វើការលើផែនការជាមួយទីក្រុងគីវ ដើម្បីចូលរួមជាមួយរុស្ស៊ី នៅក្នុងការចរចា ដើម្បីបញ្ចប់សង្គ្រាម ខណៈដែលពួកគេឃើញសន្ទុះផ្លាស់ប្តូរ ដែលជួយពង្រឹងជំហររបស់ប្រធានាធិបតី លោក Volodymyr Zelensky។

បើយោងតាមប្រភពដែលដឹងពីបញ្ហានេះ បានឲ្យដឹងថា មន្ត្រីមកពីប្រទេសសេដ្ឋកិច្ចធំបំផុតទាំង៣ របស់តំបន់អឺរ៉ុប គឺអាល្លឺម៉ង់ បារាំង និងអង់គ្លេស បានពិភាក្សាអំពីលទ្ធភាពនៃការធ្វើកិច្ចពិភាក្សាដែលពាក់ព័ន្ធនឹងភាគីទាំង២។ ប្រភពដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារនេះជាកាពិភាក្សាសម្ងាត់ បានបញ្ជាក់ថា មន្ត្រីទាំងនោះក៏បានពិភាក្សាផងដែរ អំពីបញ្ហានេះ ជាមួយសមភាគីអ៊ុយក្រែនរបស់ពួកគេផងដែរ។
អ្នកនាំពាក្យរបស់បារាំង និងអង់គ្លេស មិនបានឆ្លើយតបភ្លាមៗនោះទេ ចំពោះសំណើសុំការអត្ថាធិប្បាយ។ ហើយអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់មួយរូប បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ចំពោះព័ត៌មាននេះ។
យ៉ាងណាក្ដី ប្រភពនោះបានបន្ថែមថា ដោយសារកិច្ចពិភាក្សាដឹកនាំដោយសហរដ្ឋអាមេរិកជាប់គាំង និងកងកម្លាំងរុស្ស៊ីកំពុងរងការខាតបង់កាន់តែច្រើនឡើងៗ ក្នុងពេលមិនមានប្រៀប នៅសមរភូមិ ប្រទេសទាំង៣ មើលឃើញឱកាសដែកលអាចនាំឲ្យលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ទៅកាន់តុចរចា៕
