សារព័ត៌មាន Sepah News បាននិយាយថា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) កាលពីថ្ងៃពុធ បានបដិសេធការបាញ់មីស៊ីល ឬយានដ្រូនណាមួយទៅលើស្ថានីយអ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិគូវ៉ែត ដោយនិយាយថាការខូចខាតដល់ស្ថានីយនេះ គឺបណ្តាលមកពីប្រព័ន្ធមីស៊ីលប៉ាទ្រីយ៉ូតរបស់សហរដ្ឋអាមេរិកដែលដំណើរការមិនបានត្រឹមត្រូវ។
ក្រោយមក ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកបានច្រានចោលការអះអាងនេះថា «មិនពិត» នៅលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X ដោយនិយាយថា អ៊ីរ៉ង់ បានបើកការវាយប្រហារដោយចេតនា និងមិនសមហេតុផលទៅលើអាកាសយានដ្ឋានស៊ីវិលដោយប្រើប្រាស់យានដ្រូន។

ក្រសួងការបរទេសគូវ៉ែត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយថា មនុស្សម្នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីមីស៊ីលបាលីស្ទីក និងយានដ្រូនបានវាយប្រហារទីតាំងស៊ីវិល និងទីតាំងសំខាន់ៗនៅទូទាំងប្រទេស រួមទាំងអាកាសយានដ្ឋានអន្តរជាតិគូវ៉ែត ជាការវាយប្រហារដែលពួកគេសន្មតថាជាការវាយប្រហាររបស់អ៊ីរ៉ង់។
ប្រទេសគូវ៉ែត បានផ្អាកចរាចរណ៍ផ្លូវអាកាសបណ្តោះអាសន្ន និងបានបិទដែនអាកាសរបស់ខ្លួនបន្ទាប់ពីការវាយប្រហារនៅពេលព្រឹកព្រលឹម។ ទោះជាយ៉ាងណា ក្រសួងអាកាសចរណ៍ស៊ីវិល ក្រោយមកបានប្រកាសពីការបន្តជើងហោះហើរទាំងអស់របស់ក្រុមហ៊ុន Kuwait Airways និង Jazeera Airways នៅអាកាសយានដ្ឋានអន្តរជាតិគូវ៉ែត។
