ភ្នំពេញ ៖ ផ្សារបន្លែបោះដុំ ធំមួយនៅរាជធានីភ្នំពេញ នៅតែអាចរក្សាស្ថិរភាពនៃការផ្គង់ផ្គង់ដល់អ្នកប្រើប្រាស់ប្រចាំថ្ងៃ ដែលអាចចែកចាយបានប្រមាណ ២៥០ តោន ក្នុងមួយថ្ងៃ ទៅតាមបណ្តាខេត្តផ្សេងៗ។ បន្លែ ផ្លែឈើ នៅផ្សារនេះប្រមាណ៨០% ផលិតក្នុងស្រុក។
ក្រុមអាជីវកដែលជាអតីតអាជីវករផ្សារដើមគ ចាស់ ដែលមកលក់នៅ “ផ្សារតាម៉ាប់ព្រែកជ្រៃ” បានលើកឡើងថា ចាប់តាំងពីមកលក់នៅទីនេះ គឺសកម្មភាពលក់បានចាប់ផ្តើមដំណើរល្អជាធម្មតា ព្រោះមានការបញ្ជាទិញច្រើនពីម៉ួយចាស់ៗ ដែលមួយថ្ងៃអាចលក់បានប្រមាណ ចន្លោះពី ១-៥ តោនក្នុងមួយថ្ងៃ។
អាជីវករ ថា បន្លែ ផ្លែឈើ លក់នៅទីនេះគឺមានប្រភពមកពីស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល និងមួយចំនួនទៀត មកពីកំពង់ស្ពឺ,កំពង់ចាម និងខេត្តបាត់ដំបង។ ក្រុមអាជីវករ បានបញ្ជាក់ថា នៅផ្សារនេះ មានបន្លែ ផ្លែឈើ ខ្មែរស្ទើរគ្រប់មុខ ពោលគឺធានាដល់ការផ្គត់ផ្គង់មិនឱ្យខ្វះនៅលើទីផ្សារ។ ក្រុមអាជីវករ បានបង្ហាញការពីការពេញចិត្ត ដែលបានមកលក់នៅផ្សារនេះ ព្រោះ ទីតាំងធំទូលលាយ និង មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ជាពិសេស ពួកគេ អាចលក់បាន ២៤ម៉ោង។
ចំណែក លោក ខាវ ថន អ្នកគ្រប់គ្រង “ផ្សារតាម៉ាប់ព្រែកជ្រៃ” បានប្រាប់ BTV ថា នាពលនេះ ស្ថានភាពលក់ដូររបស់អាជីវករទាំង ៧០០តូប នៅក្នុងផ្សារនេះគឺ ដំណើរការល្អ ជាធម្មតា ដែលអាចចែកចាយសរុបទៅតាមបណ្តាខេត្តផ្សេងៗប្រមាណ ២៥០តោនក្នុងមួយថ្ងៃ។ លោកអះអាងថា ចន្លោះពី ៧០-៨០ % គឺជាបន្លែផ្លែឈើ ផលិតក្នុងស្រុក និងក្រៅពីនេះ មានប្រភពមកពីវៀតណាម និងចិន ដែលភាគច្រើនជាបន្លែដែលខ្មែរមិនអាចផលិតបាន។ អ្នកគ្រប់គ្រងផ្សាររូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលលក់ដូរ គ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈអាចមកលក់នៅ “ផ្សារតាម៉ាប់ព្រែកជ្រៃ” ដែលមានតូបទំនេររាប់រយទៀត។
ផ្សារនេះ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ ភូមិព្រែកកំពិស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានផ្ទៃដីទំហំ ១៤ ហិកតា និងអាចសង់តូបសរុបប្រមាណ២ ០០០តូប ខណៈបច្ចុប្បន្ន ទើបសាងសង់រួចប្រមាណ ១ ០០០ តូប ប៉ុណ្ណោះ៕
អត្ថបទ៖ ធូ វិរៈ








