ភ្នំពេញ៖ ប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ បានលើកឡើងថា រហូតមកដល់ពេលនេះ រោងចក្រ សហគ្រាស នៅរាជធានីខេត្តមួយចំនួន បានពិភាក្សាជាមួយអ្នកជំនាញចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដើម្បីកំណត់ពេលវេលាចាក់វ៉ាក់សាំងដូសជំរុញ ដល់បងប្អូនកម្មករនិយោជិត ទៅតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ។
ឯកឧត្តម ឡុង សុផាត ប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មានប៊ីធីវីថា បន្ទាប់ពីការអំពាវនាវរបស់រាជរដ្ឋាភិបាលឲ្យប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការិនីទៅទទួលវ៉ាក់សាំងបង្ការ កូវីដ ឃើញមានរោងចក្រ សហគ្រាសជាច្រើន បានកំពុងបញ្ជូនឈ្មោះកម្មករនិយោជិត និងជាបន្តបន្ទាប់ហើយ តាមរយៈគ្រុប (តេឡេក្រាម) ដើម្បីត្រៀមទទួលវ៉ាក់សាំងនេះ។
លោក ម៉ាន់ សាលីន រដ្ឋបាលរោងចក្រកាត់ដេរសំលៀកបំពាក់ ញូអេសថ៍ ហ្គាម៉ិន ខេមបូឌា (NEWEST GARMENT CAMBODIA Co,.LTD) ស្ថិតនៅខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ បានឲ្យប៊ីធីវីដឹងថា ក្នុងរោងចក្រលោក មានកម្មករនិយោជិតសរុបប្រមាណជាង ៥០០នាក់ បានស្ម័គ្រចិត្តនិងចុះឈ្មោះរួចរាល់ហើយ ដើម្បីត្រៀមចាក់វ៉ាក់សាំងបង្ការកូវីដ ខណៈបច្ចុប្បន្ននេះ ពួកគាត់បានចាក់ដល់ដូសទី៣។
ជាមួយគ្នានេះ កម្មករ កម្មការិនី នៃរោងចក្រកាត់ដេរខាងលើ បានសម្តែងការដឹងគុណ និងអរគុណដល់មន្រ្តីគ្រប់ ជាន់ថ្នាក់នៃរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន ដែលលោកតែងតែគិតគូរយកចិត្ត ទុកដាក់ជាប់ជានិច្ចជាមួយបងប្អូនកម្មករ និងបានជូនពរសម្តេចមានសុខភាពល្អរឹងមាំ ដើម្បីគង់ជាម្លប់ និងដឹកនាំប្រទេសជាតិកាន់តែរីកចម្រើនតទៅមុខថែមទៀត។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានចេញសេចក្តីជូនដំណឹងបន្ថែម ដើម្បីក្រើន រំលឹកដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ត្រូវសហការជាបន្ទាន់ជាមួយអាជ្ញាធរមូលដ្ឋាន រាជធានី ខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត ដើម្បីរៀបចំចាក់វ៉ាក់សាំងដូសជំរុញជូនកម្មករ និយោជិតនៅតាមរោងចក្រ សហគ្រាស ក្នុងគោលដៅបន្តប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលបំប្លែងខ្លួនថ្មី អូមីក្រុង៕ អត្ថបទ ឈិត បូរ៉ាវី