ក្រុមបាតុករនៅម៉ិកស៊ិក កាលពីថ្ងៃពុធ (ទី៣ ខែមិថុនា ឆ្នាំ២០២៦) បានលុកលុយភ្លាមៗចូលអគារមួយរបស់រដ្ឋាភិបាល ដោយហេតុការណ៍នេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនការបើកព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (World Cup) ខណៈដែលប្រធានាធិបតី លោកស្រី Claudia Sheinbaum បានទទូចថា លោកស្រី នឹងមិន «ធ្លាក់ចូលទៅក្នុងអន្ទាក់» ដោយធ្វើការបង្ក្រាបលើបាតុកម្មនោះឡើយ។
ក្រុមផ្សេងមួយក្រុមមកពីអង្គការសម្របសម្រួលជាតិនៃបុគ្គលិកអប់រំ (CNTE) បានធ្វើមហាបាតុកម្ម មុនការប្រកួតបាល់ទាត់ដ៏ធំបំផុតរបស់ពិភពលោក ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនា នៅពហុកីឡដ្ឋាន Azteca របស់ទីក្រុង Mexico City។ នៅថ្ងៃពុធនោះ ក្រុមបាតុករនេះបានប្រើបង្គោលភ្លើងបំភ្លឺតាមដងផ្លូវជាឧបករណ៍ ដើម្បីសម្រុកចូលទៅក្នុងទីស្នាក់ការកណ្តាលរបស់ក្រសួងអប់រំ នៅក្នុងរដ្ឋធានីនេះ។ ប្រភពពីអគារគោលដៅនេះ បាននិយាយថា ក្រុមបាតុករបានបំផ្លាញស្តង់យាម និងវាយបំបែកបង្អួច ខណៈដែលរូបភាពដែលចាក់ផ្សាយនៅលើទូរទស្សន៍ម៉ិកស៊ិក បង្ហាញពីអគ្គិភ័យដ៏តូចមួយឆាបឆេះនៅទីតាំងនោះ។

លោកស្រី Sheinbaum បាននិយាយកាលពីថ្ងៃពុធថា លោកស្រីនឹងមិន «ធ្លាក់ចូលទៅក្នុងអន្ទាក់» ដោយធ្វើការបង្ក្រាបលើការតវ៉ាឡើយ ពោលគឺប៉ុន្មានថ្ងៃមុនពេលចាប់ផ្តើមព្រឹត្តិការណ៍ ដែលត្រូវធ្វើម្ចាស់ផ្ទះរួមគ្នាដោយសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។
កាលពីថ្ងៃអង្គារ គ្រូបង្រៀនដែលកំពុងតវ៉ា បានរំលំរូបសំណាកកីឡាករបាល់ទាត់ដ៏ខ្ពស់ៗ នៅលើផ្លូវដ៏សំខាន់របស់រដ្ឋធានី និងបានគំរាមកំហែងតវ៉ា ក្នុងអំឡុងពេលមានព្រឹត្តិការណ៍ World Cup ប្រសិនបើរដ្ឋាភិបាលមិនឆ្លើយតបទៅនឹងការទាមទារលក្ខខណ្ឌការងាររបស់ពួកគេទេ។
កាលពីថ្ងៃចន្ទ នគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក លើក្រុមគ្រូបង្រៀន ដើម្បីរារាំងពួកគេមិនឲ្យចូលទៅដល់ទីលាន Zocalo។ ប៉ុន្តែនៅថ្ងៃអង្គារ អាជ្ញាធរមិនបានធ្វើអន្តរាគមន៍ទេ នៅពេលដែលក្រុមបាតុករ បានផ្តួលរំលំរូបសំណាកកម្ពស់ ៥ម៉ែត្រនោះ៕

