នគរបាលនិយាយថា អគ្គិភ័យមួយបានកើតឡើងនៅមជ្ឈមណ្ឌលថែទាំមនុស្សចាស់ជរា និងមនុស្សមានពិការភាពសតិបញ្ញា ក្នុងប្រទេសស្រីលង្កា បានសម្លាប់មនុស្ស ១២នាក់ និងមនុស្ស ២នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។
ឧបទ្ទេវហេតុនេះ បានកើតឡើងនៅក្នុងភូមិ Batagoda ស្ថិតក្នុងទីក្រុង Anguruwatota ដែលមានចម្ងាយប្រហែល ៥៣គ.ម ភាគខាងត្បូងរដ្ឋធានី Colombo ។
នគរបាលបន្តថា មនុស្ស ៨នាក់ ដែលរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈអ្នកស្រុក ៥១នាក់ ត្រូវបានជម្លៀសចេញទៅកាន់សាលារដ្ឋ ដើម្បីស្នាក់នៅបណ្តោះអាសន្ន ។
លោក Bandula Priyantha គឺជាអ្នកស្រុកមួយរូបនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា វាគឺជាអគ្គិភ័យទ្រង់ទ្រាយធំមួយ ។ លោកមិនអាចដឹងបាននោះទេថាតើមានរឿងអ្វីកើតឡើងខ្លះនៅទីនោះ ។ អ្នកជិតខាង និងក្រុមមន្រ្តីពន្លត់អគ្គិភ័យ បានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជួយសង្រ្គោះមនុស្សឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ។
បច្ចុប្បន្នក្រុមនគរបាល កំពុងបើកការស៊ើបអង្កេតចំពោះមូលហេតុដែលបណ្តាលឲ្យអគ្គិភ័យមួយនេះកើតឡើង ដែលស្ថិតក្នុងចំណោមឧបទ្ទេវហេតុអគ្គិភ័យស្លាប់មនុស្សច្រើនបំផុតនៅមជ្ឈមណ្ឌលថែទាំមនុស្សចាស់មួយនេះ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ៕

