សហភាពអឺរ៉ុប (EU) កាលពីថ្ងៃពុធ (ទី៣ ខែមិថុនា ឆ្នាំ២០២៦) បានយល់ព្រមជំរុញប្រទេសអ៊ុយក្រែន និងម៉ុលដាវី ទៅកាន់ដំណាក់កាលបន្ទាប់ សម្រាប់កិច្ចប្រឹងប្រែងចូលជាសមាជិករបស់ពួកគេ ខណៈដែលអ្នកការទូត បាននិយាយថា ហុងគ្រីបានបង្ហាញសញ្ញាទម្លាក់សិទ្ធិវេតូយូរអង្វែងរបស់ខ្លួន ប្រឆាំងនឹងទីក្រុងគីវ។
ប្រទេសស៊ីប ដែលកាន់តំណែងជាប្រធានប្តូរវេន បានឲ្យដឹងតាមរយៈការបង្ហោះលើបណ្ដាញសង្គមថា៖ «នេះគឺជាដំណាក់កាលដ៏សំខាន់មួយ នៅលើមាគ៌ាឆ្ពោះទៅការធ្វើសមាហរណកម្មអឺរ៉ុបរបស់ប្រទេសទាំង២ ហើយផ្ញើសារដ៏រឹងមាំមួយពីការមានឯកភាព និងការតាំងចិត្តរបស់ EU»។

EU បានបើកការចរចាពីចូលជាសមាជិកជាផ្លូវការជាមួយអ៊ុយក្រែន នៅក្នុងខែមិថុនា ឆ្នាំ២០២៤ ដោយចាប់ផ្តើមកិច្ចការដ៏ស្មុគស្មាញមួយដែលជាធម្មតាចំណាយពេលច្រើនឆ្នាំ និងពាក់ព័ន្ធនឹងការចរចាលើអ្វីៗគ្រប់យ៉ាង រាប់ចាប់ពីកសិកម្ម រហូតដល់នីតិរដ្ឋ។
ប៉ុន្តែការពិភាក្សានោះ គឺភាគច្រើនជាចំណាត់ការនិមិត្តរូប ហើយការចាប់ផ្តើមដំណើរការនេះដោយជាក់ស្ដែង ត្រូវបានពន្យារពេលដោយអតីតនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ចាប់តាំងពីពេលនោះមក។
តែបន្ទាប់ពីលោក Orban បានបាត់បង់អំណាច ក្នុងខែមេសា នាយករដ្ឋមន្ត្រីថ្មីរបស់ហុងគ្រី លោក Peter Magyar បានលើកឡើងថា លោកនឹងរីករាយក្នុងការជំរុញទៅមុខដល់កិច្ចប្រឹងប្រែងចូលជាសមាជិករបស់អ៊ុយក្រែន នៅពេលដែលបញ្ហានៅសេសសល់របស់ទីក្រុង Budapest ជាមួយទីក្រុងគីវ ត្រូវបានដោះស្រាយចប់សព្វគ្រប់៕
