អ្នកនាំពាក្យក្រសួងការបរទេសចិននៅថ្ងៃព្រហស្បតិ៍នេះ បានជំរុញឱ្យសមាជិកសភានូវែលសេឡង់មួយចំនួនគោរពតាមគោលការណ៍ចិនតែមួយយ៉ាងតឹងរ៉ឹង ខណៈព្រមានថាអ្នកដែល "ឆ្លងហួសព្រំដែន" លើបញ្ហាតៃវ៉ាន់នឹងសងតម្លៃ បន្ទាប់ពីការហាមប្រាមសមាជិកសភានូវែលសេឡង់ទាំងនោះមិនឲ្យជាន់ដីប្រទេសចិន។
អ្នកនាំពាក្យ លោកស្រី Mao Ning បានធ្វើអត្ថាធិប្បាយបែបនេះនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ខណៈឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងការសម្រេចចិត្តរបស់ប្រទេសចិនក្នុងការដាក់បម្រាម និងវិធានការផ្សេងទៀតលើសមាជិកសភានូវែលសេឡង់មួយចំនួន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ពួកគេទៅកាន់តំបន់តៃវ៉ាន់របស់ប្រទេសចិន។

លោកស្រី Mao បាននិយាយថា ថ្មីៗនេះ សមាជិកសភានូវែលសេឡង់មួយចំនួន ទោះបីជាមានការព្រួយបារម្ភយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់របស់ប្រទេសចិនក៏ដោយ បានទៅទស្សនកិច្ចនៅតំបន់តៃវ៉ាន់របស់ប្រទេសចិន ដោយរំលោភលើគោលការណ៍ចិនតែមួយ និងជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។
លោកស្រីបន្ថែមថា ស្របតាមច្បាប់ពាក់ព័ន្ធនៃសាធារណរដ្ឋប្រជាមានិតចិន ប្រទេសចិនបានសម្រេចចិត្តដាក់វិធានការ រួមទាំងការហាមប្រាមមិនឲ្យចូលទៅក្នុងប្រទេសចិនលើបុគ្គលពាក់ព័ន្ធទាំងឡាយ។
លោកស្រីថា គោលការណ៍ចិនតែមួយគឺជាការឯកភាពគ្នាជាសកលរបស់សហគមន៍អន្តរជាតិ និងជាបទដ្ឋានមូលដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ ក៏ដូចជាមូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងចិន-នូវែលសេឡង់៕

