សន្តិសុខត្រូវបានរឹតបន្តឹងជាមួយនឹងវត្តមានកើនឡើងរបស់នគរបាលនៅទីលានចតុរង្គ Tiananmen ស្ថិតក្នុងទីក្រុងប៉េកាំង នាថ្ងៃព្រហស្បតិ៍នេះ ដែលជាថ្ងៃខួបលើកទី ៣៧នៃការបង្ក្រាបថ្ងៃទី ៤ ខែមិថុនា នៅតំបន់នោះ ។
ការចូលទៅកាន់ទីលានមួយនេះ ពុំត្រូវបានរឹតបន្តឹងនោះទេ ក្នុងនោះ ភ្ញៀវត្រូវបានគេមើលឃើញជួបជុំគ្នានៅទីលានមួយនេះ ។ ផ្លូវបានបើកធម្មតា ខណៈវត្តមានកើនឡើងរបស់នគរបាល បានត្រួតពិនិត្យនៅជុំវិញទីក្រុង Forbidden និងទីលានចតុរង្គ Tian’anmen ។
ដោយឡែក នៅក្នុងទីក្រុងហុងកុង នគរបាល បានរឹតបន្តឹងសន្តិសុខផងដែរនៅជុំវិញសួនកម្សាន្ត Victoria ស្ថិតក្នុងស្រុក Causeway Bay ។ សួនកម្សាន្តមួយនេះ ធ្លាប់ជាទីតាំងរៀបចំពិធីអុជភ្លើងទៀន ដោយមានការចូលរួមរបស់ពលរដ្ឋរាប់ម៉ឺននាក់ ដើម្បីរំឭកដល់ព្រឹត្តការណ៍មួយនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ ការជួបជុំគ្នាបែបនេះ លែងឃើញមានរៀបចំទៀតហើយ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្រោយទីក្រុងប៉េកាំង ចេញច្បាប់សន្តិសុខជាតិលើទីក្រុងហុងកុង ក្នុងនោះ ក្រុមអាជ្ញាធរ លើកឡើងពីក្តីបារម្ភពីសណ្តាប់ធ្នាប់សាធារណៈ ។
គួររំឭកថា កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៨៩ រថក្រោះចិនបានបើកចូលទីលានចតុរង្គ Tiananmen មុនពេលថ្ងៃរះ ដើម្បីបញ្ចប់រយៈពេលច្រើនសប្តាហ៍នៃបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យដឹកនាំដោយក្រុមនិស្សិត ។
គណបក្សកុម្មុយនិស្តចិន ពុំបានបញ្ចេញចំនួនស្លាប់ផ្លូវការនោះទេ បើទោះបីជាក្រុមសិទ្ធិមនុស្ស និងក្រុមសាក្សីនិយាយថា វាអាចមានចំនួនមនុស្សស្លាប់រាប់ពាន់នាក់ក៏ដោយ ៕

