អ្នកបើកបររាប់រយនាក់តម្រង់ជួរនៅតាមស្ថានីយប្រេងសាំងនៅក្នុងទីក្រុងកំពង់ផែ Sevastopol ស្ថិតក្នុងតំបន់គ្រីមៀ ដើម្បីចាក់សាំងរថយន្តរបស់ពួកគេ ដែលជាផ្នែកមួយនៃគម្រោងបែងចែកដាក់ជូន ដើម្បីគ្រប់គ្រងកង្វះខាតប្រេងឥន្ធនៈនៅឧបទ្វីបកាន់កាប់ដោយរុស្ស៊ីមួយនេះ ។
វិមានក្រឹមឡាំងនិយាយនៅដើមសប្តាហ៍នេះថា ក្រុមអាជ្ញាធររុស្ស៊ី កំពុងធ្វើការ ដើម្បីដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ ហើយការប៉ះប៉ូវបញ្ហាមួយនេះ គឺជាអាទិភាពកំពូល ។
គួរឲ្យដឹងថា អាជ្ញាធរនៅតំបន់គ្រីមៀ គ្រប់គ្រងដោយរុស្ស៊ី ដែលទីក្រុងមូស្គូ បានប្រកាសដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួនកាលពីឆ្នាំ ២០១៤ បានរឹតត្បិតការលក់ប្រេងឥន្ធនៈ ស្របពេលជួបវិបត្តិការផ្គត់ផ្គង់ បន្ទាប់ពីអ៊ុយក្រែនវាយប្រហារផ្លូវភស្តុភាររបស់ពួកគេ ។
អភិបាលតំបន់គ្រីមៀលោក Sergei Aksyonov និយាយថា ការរឹតត្បិតត្រូវបានដាក់លើការលក់ប្រេង ហើយពលរដ្ឋត្រូវតែប្រើប្រាស់ប័ណ្ណបញ្ចុះតម្លៃប្រេងឥន្ធនៈ ដើម្បីទិញប្រេង ។
តំបន់គ្រីមៀ បានរងផលប៉ះពាល់ធ្ងន់ធ្ងរពីកង្វះខាតប្រេងសាំង ក្រោយការវាយប្រហារយានដ្រូនអ៊ុយក្រែន ត្រូវចំការទីតាំងផ្គង់ផ្គង់ប្រេងចេញពីតំបន់ជាប់គ្នាដែលគ្រប់គ្រងដោយរុស្ស៊ី ។
រុស្ស៊ីបានគ្រប់គ្រងតំបន់គ្រីមៀ ក្រោយប្រធានាធិបតីគាំទ្ររុស្ស៊ីរបស់អ៊ុយក្រែនលោក Viktor Yanukovychត្រូវបានទម្លាក់ចេញពីអំណាច នៅក្នុងបាតុកម្មកាលពីឆ្នាំ ២០១៤ ។
ក្រោយរយៈពេលជាង ៤ឆ្នាំ ចាប់តាំងពីការវាយលុយអ៊ុយក្រែនកាលពីឆ្នាំ ២០២២ រុស្ស៊ីកំពុងប្រឈមនឹងការវាយប្រហាររាល់ថ្ងៃរបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ពួកគេ ខណៈទណ្ឌកម្មលោកខាងលិច បានធ្វើឲ្យប៉ះពាល់កាន់តែខ្លាំងលើការនាំចេញប្រេងឆៅរបស់ពួកគេ ៕

