ក្រសួងការបរទេសបានឲ្យដឹងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើកិច្ចពិគ្រោះយោបល់ទ្វេភាគី ស្តីពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ នៅទីក្រុងសេអ៊ូល កាលពីថ្ងៃអង្គារ និងថ្ងៃពុធ (ទី ២-៣ ខែមិថុនា ឆ្នាំ២០២៦)។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍ថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការនយោបាយ លោកស្រី Allison Hooker និងអនុរដ្ឋមន្ត្រីការបរទេសទី១ របស់កូរ៉េខាងត្បូង លោក Park Yoon-joo ដោយតាមមកដោយការពិភាក្សាជាក់លាក់តាមវិស័យ ដែលមានតំណាងអន្តរទីភ្នាក់ងារមកពីភាគីទាំង២។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា៖ «ភាគីទាំង២ បានប្តេជ្ញាធ្វើការឆ្ពោះទៅរកការសម្រេចបាននូវលទ្ធផលជាក់ស្តែងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបង្កើតនូវដំណាក់កាលសំខាន់ៗ សម្រាប់ការពិនិត្យឡើងវិញនូវវឌ្ឍនភាពពេញមួយឆ្នាំ និងដើម្បីពន្លឿនការពិគ្រោះយោបល់នាពេលអនាគត»។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap ដោយដកស្រង់សម្តីក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ធាតុសំខាន់ៗនៃរបៀបវារៈ រួមមានការជំរុញរបស់ទីក្រុងសេអ៊ូល ក្នុងការសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ធានាសិទ្ធិចម្រាញ់សារធាតុអ៊ុយនីរ៉ាញ៉ូម និងពង្រីកកិច្ចសហប្រតិបត្តិការសាងសង់នាវា រវាងភាគីទាំង២។
គួរបញ្ចាក់ថា ការពិគ្រោះយោបល់នេះ ធ្វើឡើងបន្ទាប់ពីមានឯកសារកិច្ចព្រមព្រៀងរួម ដែលចេញដោយប្រធានាធិបតីអាមេរិក លោក Donald Trump និងមេដឹកនាំកូរ៉េខាងត្បូង លោក Lee Jae Myung ក្នុងខែវិច្ឆិកា។ ក្នុងឯកសារនោះ ទីក្រុងវ៉ាស៊ីនតោនបានគាំទ្រដំណើរការដែលអាចអនុញ្ញាតឲ្យកូរ៉េខាងត្បូងបន្តការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមស៊ីវិល និងការកែច្នៃប្រេងឥន្ធនៈដែលត្រូវបានប្រើហើយ សម្រាប់ការប្រើប្រាស់ដោយសន្តិវិធី៕
