ទួរគី៖ រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu បាននិយាយក្នុងបទសម្ភាសន៍នៅលើកញ្ចក់ទូរទស្សន៍ថា ទួរគីចង់បានការចរចាបញ្ចប់ជម្លោះក្នុងប្រទេសអ៊ុយក្រែន តែប្រទេសជាសមាជិកសម្ព័ន្ធណាតូមួយចំនួនទៀត បែរជាចង់ឃើញជម្លោះនៅអ៊ុយក្រែនអូសបន្លាយ ដើម្បីធ្វើបាបរុស្ស៊ីឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរ។

ក្នុងពេលបង្ហាញវត្តមាននៅលើកញ្ចក់ទូរទស្សន៍ CNN ជាភាសាទួរគី លោក Cavusoglu បានបញ្ជាក់ពីការសម្រេចចិត្តរបស់ទួរគីមិនដាក់ទណ្ឌកម្មលើក្រុង Moscow និងមូលហេតុធ្វើឲ្យជំនួបចរចានៅទីក្រុង Istanbul រវាងរុស្ស៊ី និងអ៊ុយក្រែនបរាជ័យ។ ប្រមុខការទូតទួរគីរូបនេះបាននិយាយថា មានប្រទេសជាសមាជិកណាតូមួយចំនួនដែលចង់ឲ្យសង្គ្រាមនៅអ៊ុយក្រែនបន្ត។ ពួកគេចង់ឃើញភ្លើងសង្គ្រាមបន្តឆាបឆេះ ជាការដាក់បន្ទុកលើរុស្ស៊ី។ ពួកគេមិនសូវខ្វល់ខ្វាយប៉ុន្មានទេអំពីស្ថានភាពក្នុងប្រទេសអ៊ុយក្រែន។

ខណៈដែលលោកមិនបានបង្ហើបពីឈ្មោះប្រទេសណាមួយ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីដើមខែនេះថា ជម្លោះនេះអាចបន្តរយៈពេលយូរទៀត ដែលត្រូវបានបន្ទរដោយអតីតប្រធានចារកម្មអាមេរិក CIA ទទួលបន្ទុកតាមដានប្រតិបត្តិការរបស់រុស្ស៊ី។ ចំណែកអធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានសន្ទនាតាមទូរស័ព្ទជាមួយបណ្ដាមេដឹកនាំ នៃប្រទេសមានឧស្សាហកម្មលូតលាស់ទាំង 7 ឬ G7 កាលពីថ្ងៃអង្គារថា លោកខាងលិចត្រូវតែរួមកម្លាំងគ្នាធ្វើយ៉ាងណាកុំឲ្យរុស្ស៊ីឈ្នះ និងប្ដេជ្ញាបន្តផ្ដល់អាវុធឲ្យទាហានអ៊ុយក្រែន ដើម្បីឲ្យប្រទេសនេះមានលទ្ធភាពបន្តការពារខ្លួនប្រឆាំងការវាយលុករបស់ប្រទេសរុស្ស៊ី៕
អត្ថបទ៖ សុខមាន