ប្រធានាធិបតីលីបង់ លោក Joseph Aoun បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែមិថុនា ឆ្នាំ២០២៦) នេះថា ការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែល «អាចចាប់ផ្តើមក្នុងរង្វង់រយៈពេល ២៤ម៉ោង» នៅពេលដែលការអនុម័តចុងក្រោយ ត្រូវបានធានាពីគ្រប់ភាគីទាំងអស់។
អំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាន លោក Aoun បានបញ្ជាក់ថា ការចរចាដែលបានធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធ គឺ «ពិបាកខ្លាំងណាស់» ហើយបានចាប់ផ្តើមឡើងវិញ លុះត្រាតែបន្ទាប់ពីមានអន្តរាគមន៍ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក្រោយផ្អាកដោយប្រធានគណៈប្រតិភូលីបង់ លោក Simon Karam។

នៅក្នុងការអត្ថាធិប្បាយរបស់លោកដែលដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក Aoun បាននិយាយថា៖ «យើងកំពុងរង់ចាំការឆ្លើយតបពីគ្រប់ភាគីពាក់ព័ន្ធ និងការធានាពីការអនុលោមតាមច្បាប់ ហើយការអនុវត្តអាចចាប់ផ្តើមក្នុងរង្វង់រយៈពេល ២៤ម៉ោង បន្ទាប់ពីមានការអនុម័តចុងក្រោយ។ ខ្ញុំបានធ្វើទំនាក់ទំនងជាមួយភាគីអន្តរជាតិ និងផ្ទៃក្នុង ចាប់តាំងពីម៉ោង ២ព្រឹក (ម៉ោងក្នុងស្រុក) ដើម្បីពង្រឹងបទឈប់បាញ់»។
គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក បានកើតឡើងមួយថ្ងៃបន្ទាប់ពីប្រទេសលីបង់ និងអ៊ីស្រាអែលបានយល់ព្រមបន្តបទឈប់បាញ់ដ៏ផុយស្រួយរបស់ពួកគេ និងបង្កើត «តំបន់សាកល្បង» ដោយប្រគល់តួនាទីឲ្យកងទ័ពលីបង់គ្រប់គ្រងដែនដីផ្តាច់មុខ ដោយតួអង្គមិនមែនរដ្ឋទាំងអស់ត្រូវបានដកចេញ។
កិច្ចព្រមព្រៀងនេះត្រូវបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលត្រូវបានចេញជាសាធារណៈ បន្ទាប់ពីមានការចរចាជុំទី៤ សម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលបានធ្វើឡើងនៅក្រសួងការបរទេសកាលពីថ្ងៃពុធ៕
