នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែមិថុនា ឆ្នាំ២០២៦) នេះ ឥណ្ឌា និងវ៉េណេស៊ុយអេឡា បានប្រឹងប្រែងជំរុញទំនាក់ទំនងរបស់ប្រទេសទាំង២ នៅក្នុងវិស័យថាមពល ដោយទីក្រុងញូវដេលី លើកឡឡើងថា ទីក្រុងការ៉ាកាស មើលឃើញខ្លួនឯងថា ជាដៃគូល្អជាងគេ នៅក្នុងវិស័យនេះ នៅពេលដែលការផ្គត់ផ្គង់ប្រេងសកល ត្រូវបានរំខានដោយវិបត្តិ នៅតំបន់មជ្ឈិមបូព៌ា។
ប្រធានាធិបតីស្តីទីរបស់វ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez កំពុងធ្វើទស្សនកិច្ចនៅឥណ្ឌា ជាមួយរដ្ឋមន្ត្រីមួយចំនួនធំ និងបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅថ្ងៃព្រហស្បតិ៍នេះ។
បន្ទាប់ពីមានជំនួបនេះ អ្នកការទូត នៅក្នុងក្រសួងការបរទេសឥណ្ឌា លោក Rudrendra Tandon បានប្រាប់សន្និសីទសារព័ត៌មានថា ការពិភាក្សា រវាងភាគីទាំង២ ផ្តោតលើកិច្ចសហប្រតិបត្តិការ ក្នុងគម្រោងថាមពល រាប់ចាប់ពីការរុករក រហូតដល់ការលក់។
លោក Tandon បានឲ្យដឹងទៀតថា៖ «យើងកំពុងធ្វើការជាមួយរដ្ឋាភិបាលមានភាពជាមិត្តមួយ ដែលចង់បានភាពជាដៃគូជាមួយឥណ្ឌា។ យើងចង់តបស្នងទៅវិញ។ ប្រទេសវ៉េណេស៊ុយអេឡា ជាប្រពៃណីគឺជាមិត្តដ៏ជិតស្និទ្ធ។ យើងបានសហការយ៉ាងជិតស្និទ្ធនៅកម្រិតអន្តរជាតិ ដូច្នេះយើងកំពុងវិលត្រឡប់ទៅរកប្រក្រតីភាពវិញ»។
លោក Tandon បានបន្ថែមថា វ៉េណេស៊ុយអេឡាមើលឃើញឥណ្ឌាថា ជា «ដៃគូដ៏គួរឲ្យពេញចិត្តជាងគេ» ក្នុងវិស័យថាមពល ហើយលោកស្រី Rodriguez នឹងទៅមើលរោងចក្រចម្រាញ់ប្រេង នៅក្នុងប្រទេសឥណ្ឌា អំឡុងដំណើរទស្សនកិច្ចរបស់លោកស្រី ដែលបញ្ចប់នៅថ្ងៃទី៧ ខែមិថុនា។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី Rodriguez បានកើតឡើងនៅពេលដែលឥណ្ឌា ដែលជាប្រទេសនាំចូលប្រេង និងអ្នកប្រើប្រាស់ប្រេងធំជាងគេទី៣ របស់ពិភពលោក កំពុងជួបការលំបាកដោយសារការរំខានដល់ការផ្គត់ផ្គង់ដែលបណ្តាលមកពីសង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់។ ជម្លោះនេះបានបិទច្រកសមុទ្រ Hormuz ជាផ្លូវទឹកសំខាន់មួយដែលដឹកជញ្ជូនប្រេងឆៅជាង ៤០ភាគរយនៃការនាំចូលប្រេងឆៅរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ៕

