ការស្ទង់មតិថ្មីបង្ហាញថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ប្រឈមនឹងការធ្លាក់ចុះការគាំទ្រនៅភាគខាងជើងដែលជាតំបន់ស្វែងរកសំឡេងដ៏ចាំបាច់មួយ ជាទីដែលក្រុមហេសបូឡា ផ្លោងគ្រាប់រ៉ុក្កែតខ្លាំងក្លាបំផុត ជាហេតុដាក់សម្ពាធលើរូបលោកចំពោះការប្រកាន់គោលជំហរចូលចិត្តធ្វើសង្រ្គាមរបស់លោក ខណៈការបោះឆ្នោតជិតមកដល់ ។
កិច្ចព្រមព្រៀងបទឈប់បាញ់កាលពីយប់ថ្ងៃពុធ រវាងអ៊ីស្រាអែល និងលីបង់ ទោះចូលជាធរមាន ឬមិនចូលជាធរមានក៏ដោយ វាមិនមានក្នុងចិត្តរបស់អ្នកបោះឆ្នោតនៅតំបន់ភាគខាងជើងអ៊ីស្រាអែលនោះដែរ ។
ការស្ទង់មតិខែឧសភាដោយក្រុម Agam Labs ស្ថិតនៅសាកលវិទ្យាល័យ Hebrew របស់អ៊ីស្រាអែល ឃើញអ្នកបោះឆ្នោតបោះបង់ចោលគណបក្ស Likud របស់លោក Netanyahu ភ្លាមៗជាងអ្នកបោះឆ្នោតកន្លែងផ្សេង ហើយនិងការដាក់ការស្តីបន្ទោសលើលោកធ្ងន់ៗចំពោះសង្រ្គាមនៅលីបង់ ។

ពេលដែលអ៊ីរ៉ង់ទាមទារឲ្យបញ្ចប់ប្រតិបត្តិការយោធាអ៊ីស្រាអែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពជាមួយសហរដ្ឋអាមេរិក ការស្ទង់មតិបង្ហាញថា លោក Netanyahu ជាប់ផុងកាន់តែខ្លាំងរវាងការគិតគូរពីការបោះឆ្នោតក្នុងស្រុក និងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់សម្ព័ន្ធមិត្តលោកនៅទីក្រុងវ៉ាស៊ីនតោន ។
លោក Trump ដែលចង់បានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់និយាយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា អ៊ីស្រាអែល និងក្រុមហេសបូឡា បានយល់ព្រមលើការបន្ធូរបន្ថយភាពតានតឹង រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយលោក Netanyahu បញ្ជាឲ្យមានការវាយប្រហារថ្មីចូលទៅក្នុងតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ៕
