ភ្នំពេញ៖ អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅព័ន្ធរួមមាន អ្នករត់ម៉ូតូឌុប តាក់ស៊ី និងអ្នកកង់បី រកចំណូលបានសមរម្យឡើងវិញ សម្រាប់ការរស់នៅប្រចាំថ្ងៃបន្ទាប់ពីកម្ពុជា បានបង្កើតភាពស៊ាំសហគមន៍ជាបណ្តើរៗ និងស្របពេល រាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ ដោយគ្មានការរឹតត្បិត។
អ្នកប្រកបរបររត់កង់បី នៃសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា និងជាចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃ ស.ស.យ.ក រាជធានីភ្នំពេញ បានលើកឡើង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ថា នៅក្នុងរយៈពេល២ឆ្នាំ បន្ទាប់ពីការផ្ទុះឡើង នៃការរីករាលដាលជម្ងឺកូវីដ១៩ ការរកស៊ីទទួលទានរបស់ពួកគាត់ រងនូវការប៉ះពាល់យ៉ាងខ្លាំង ដោយធ្វើឲ្យបាត់បង់ចំណូលស្ទើរទាំងស្រុង ហើយស្ថិតនៅក្នុងកាលៈទេសៈនោះ ក្រៅពីការរកស៊ីទទួលទាន ពួគគាត់បានចូលរួម ការងារសង្គមជាច្រើន តាមរយៈ ស.ស.យ.ក រាជធានីភ្នំពេញ និងការចុះផ្សព្វផ្សាយព័ត៌មាននានាជាដើម។
ចំណែកការកស៊ីទទួលទានបច្ចុបប្បន្នវិញ, ពួកគាត់បានលើកឡើងស្រដៀងគ្នាថា ដោយសារការយកចិត្តទុកដាក់ ទប់ស្កាត់ និងការចាក់ថ្នាំបង្ការជម្ងឺកូវីដ ១៩ របស់រាជរដ្ឋាភិបាល បានបង្កើតភាពស៊ាំដល់សហគមន៍ជាបណ្តើរៗ និងស្របពេលរាជរដ្ឋាភិបាលបើកប្រទេសដោយគ្មានការរឹយតត្បឹត ប្រជាពលរដ្ឋដើរកម្សាន្តជាហូរហែរ និងមានការបើកអាជីវកម្មដំណើរការគ្រប់ច្រកទីកន្លែងឡើងវិញ ការរកស៊ីទទួលទាន់ រត់ម៉ូតូរបស់ពួកគាត់ រកចំណូលបានសមរម្យជាណ្តើរៗឡើងវិញផងដែរ។
ទាក់ទងសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ,លោក ឯ សុភាស់ ប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា នៃចលនា សេដ្ឋកិច្ចក្រៅព័ន្ធ ស.ស.យ.ក រាជធានីភ្នំពេញ ថ្លែងលើកឡើងថា ជុំវិញស្ថានភាពសេដ្ឋកិច្ចក្នុងស្រុក ងើបឡើងល្អ ប្រសើរវិញជាបណ្តើរៗនេះ គឺបានកើតចេញក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នៃការ រីករាលដាលជម្ងឺកូវីដ ១៩ ជាពិសេសការជម្រុញចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋ។
ទោះយ៉ាងណា លោករំពឹងថា ស្ថានភាពទៅថ្ងៃមុខ សេដ្ឋកិច្ចកម្ពុជានឹងងើបល្អប្រសើរឡើងវិញ, ប៉ុន្តែក្នុងនោះអ្វីដែលបងប្អូនអ្នក រកស៊ីទទួលទានសេដ្ឋកិច្ចក្រៅព័ន្ធ បានកំពុងជួបប្រទះ គឺបញ្ហាប្រេងឡើងថ្លៃ, ដែលតាមរយៈនេះ លោក ឯ សុភាស់ ស្នើសុំឲ្យក្រុមហ៊ុនអេប (App) ទាំងអស់ មានការយោគយល់ ជួយកាត់កម្រៃជើងសារមួយឲ្យបានសមរម្យ ដើម្បីជួយសម្រួលដល់អ្នករកស៊ីក្រៅប្រព័ន្ធ អាចរកចំណូលបាន សម្រាប់ជីវភាពរស់នៅប្រចំថ្ងៃរបស់ពួកគាត់។
ចំពោះការចាក់វ៉ាក់សាំងវិញ, លោក ឯ សុភាស់ បានអំពាវដល់អ្នកប្រកបរបរក្រៅប្រព័ន្ធទាំងអស់ ទាំងអ្នករត់ម៉ូតូឌុប តាក់ស៊ី និងអ្នកកង់បី សហការចូលរួមចាក់វ៉ាក់សាំង ដូសទី៣ ឬទី៤ ឲ្យបានគ្រប់ៗគ្នា ខណៈដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់ ដើម្បីបង្កើតភាពស៊ាំសហគមន៍ ដើម្បីវិលត្រលប់ទៅរកកិច្ចដំណើរការជាប្រក្រតីឡើងវិញ នៃសកម្មភាពសង្គម-សេដ្ឋកិច្ច តាមគន្លងប្រក្រតីភាពថ្មី ស្របតាមការអនុវត្តក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣ របស់រាជរដ្ឋាភិបាល៕ អត្ថបទ៖ សុន រ៉ាឌី