ជនប៉ាឡេស្ទីននាំគ្នាដើរមើលកម្ទេចកម្ទីសេសសល់ពីការវាយប្រហាររបស់អ៊ីស្រាអែលកាលពីយប់កន្លងទៅ ខណៈការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា បានសម្លាប់មនុស្សយ៉ាងហោច ៨នាក់ នៅថ្ងៃព្រហស្បតិ៍នេះ ។
អ្នកនាំពាក្យក្រសួងសុខាភិបាលតំបន់ហ្កាហ្សា លោក Mahmoud Bassal និយាយថា មនុស្សយ៉ាងហោច ៨នាក់ បានស្លាប់ ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុងហ្កាហ្សា អំឡុងពេលព្រឹកទាបភ្លឺថ្ងៃព្រហស្បតិ៍នេះ ក្នុងនោះមនុស្ស ៧នាក់ បានស្លាប់ នៅក្នុងការវាយប្រហារលើអគារលំនៅឋាន និងមនុស្សម្នាក់ទៀត ស្លាប់នៅក្នុងជំរំជនភៀសខ្លួន Al-Shati ស្ថិតនៅភាគខាងលិចទីក្រុង ។
លោក Khader al-Batran គឺជាពលរដ្ឋមួយរូបរស់នៅតំបន់រងការវាយប្រហារ និយាយថា ពួកយើងបានភ្ញាក់ពីដំណេកនៅវេលាម៉ោង ២ និង ៣០នាទី យប់រំលងអាធ្រាត្រ ហើយពួកយើងបានឃើញការវាយប្រហាររបស់អ៊ីស្រាអែល ។ ពួកយើងបានឃើញមនុស្សស្លាប់ ។ លោកថា សង្រ្គាមបានកន្លងផុតហើយ តើហេតុអ្វីបានជាការវាយប្រហារនៅតែបន្តទៀតបែបនេះ គ្មាននោះទេកន្លែងសុវត្ថិភាពនៅក្នុងតំបន់ហ្កាហ្សា ។
ទោះបីជាមានបទឈប់បាញ់ ចាប់តាំងពីខែតុលាក៏ដោយ អំពើហិង្សាប្រចាំថ្ងៃ បានធ្វើឲ្យរង្គោះរង្គើតំបន់ហ្កាហ្សា ដែលតំបន់ជាងពាក់កណ្តាលស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធាអ៊ីស្រាអែលដែលបានបំពានលក្ខខណ្ឌបទឈប់បាញ់នេះស្ទើរាល់ថ្ងៃ ៕

