កូសូវ៉ូនឹងធ្វើការបោះឆ្នោតសភា នៅថ្ងៃអាទិត្យ (ទី៧ ខែមិថុនា ឆ្នាំ២០២៦) នេះ ដែលជាការបោះឆ្នោតលើកទី៣ របស់ប្រទេស ក្នុងរយៈពេលត្រឹមតែ ១៨ខែប៉ុណ្ណោះ បន្ទាប់ពីគណបក្សនយោបាយនានា មិនអាចឈានដល់ការសម្របសម្រួល លើការជ្រើសរើសប្រធានាធិបតីថ្មី។
ប្រជាជាតិដ៏តូចនៅតំបន់បាល់កង់មួយនេះ ដែលជាប្រទេសកើតក្រោយបំផុត នៅតំបន់អឺរ៉ុប មានបំណងចង់ចូលរួមជាមួយសហភាពអឺរ៉ុប (EU) ប៉ុន្តែមិនមានរដ្ឋាភិបាលដំណើរការធម្មតាដោយភាគច្រើន សម្រាប់ឆ្នាំកន្លងមកនេះ ដោយសារសភាដែលពេញដោយការបែកបាក់ មិនអាចជ្រើសរើសប្រធានសភាជាដំបូង ហើយបន្ទាប់មកប្រមុខរដ្ឋថ្មី។
មិនមានការស្ទង់មតិណាមួយត្រូវបានធ្វើឡើងថ្មីៗនេះទេ ប៉ុន្តែអ្នកវិភាគ ព្យាករពីការមានជ័យជម្នះម្តងទៀត សម្រាប់គណបក្ស Vetevendosje របស់នាយករដ្ឋមន្ត្រី លោក Albin Kurti។ តែយ៉ាងណាក្ដី ពួកគេលើកឡើងថា រូបលោកនៅតែត្រូវការឈានដល់ការសម្របសម្រួលជាមួយគណបក្សប្រឆាំង ដើម្បីធានាបានសំឡេងភាគច្រើនដាច់ខាតដែលត្រូវការ ២ភាគ៣ ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី។
គណបក្សរបស់លោក Kurti បានឈ្នះសន្លឹកឆ្នោត ៥១,១ភាគរយ នៅក្នុងការបោះឆ្នោតចុងក្រោយ ក្នុងខែធ្នូឆ្នាំមុន ប៉ុន្តែមិនអាចព្រមព្រៀងជាមួយគណបក្សផ្សេងទៀត ជុំវិញបេក្ខជន សម្រាប់តំណែងប្រធានាធិបតីដែលភាគច្រើនជាតំណែងពិធីការ ដោយនាំឲ្យមានការរំលាយសភានៅក្នុងខែមេសា និងការបោះឆ្នោតមុនអាណត្តិមួយផ្សេងទៀត។
គណៈកម្មការរៀបចំការបោះឆ្នោតរបស់កូសូវ៉ូ បានឲ្យដឹងថា បេក្ខជនជាង ៩០០នាក់ មកពីគណបក្សចំនួន ១៧ និងក្រុមចម្រុះ ៣ កំពុងប្រកួតប្រជែងដណ្តើមអាសនៈនៅក្នុងសភាដែលមាន ១២០អាសនៈ។ អ្នកបោះឆ្នោតប្រហែល ២,១លាននាក់ត្រូវបានចុះឈ្មោះ ពោលគឺច្រើនជាងចំនួនប្រជាជន ១,៦លាននាក់របស់កូសូវ៉ូ ដោយសារតែមានជនភៀសខ្លួនច្រើន ដែលភាគច្រើនមានមូលដ្ឋាននៅអឺរ៉ុបខាងលិច និងមានទំនោរគាំទ្រគណបក្សរបស់លោក Kurti៕

