ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ បានឆ្មក់ចុះបង្ក្រាប ហាងកាហ្វេបង្កប់ល្បែងស៊ីសង ជល់មាន់អនឡាញ និងឃាត់ខ្លួនមនុស្សម្នាក់ដែលជាម្ចាស់ទីតាំង ព្រមទាំងដកហូតវត្ថុតាងមួយចំនួន។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង១១និង២០នាទី នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅចំណុចល្វែង តាមបណ្ដោយផ្លូវជាតិលេខ៥ ជិតស្តុបផ្សារតូច ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពពីមន្រ្តីជំនាញ បានឲ្យដឹងថា ក្រោយទួលបានព័ត៌មាន និងសេចក្ដីរាយការ ហើយមានការអនុញ្ញាតពីលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ បានចាត់ឲ្យមន្ត្រីជំនាញនៃគណៈបញ្ជាការឯកភាពខណ្ឌ បន្តស្រាវជ្រាវស៊ើបអង្កេត រហូតឆ្មក់ចុះបង្ក្រាបជាក់ស្ដែងតែម្ដង ដោយដកហូតទូរទស្សន៍ សម្ភារៈសម្រាប់ ចាក់បញ្ចាំងល្បែងស៊ីសងអនឡាញនេះ។
ក្រោយប្រតិបត្តិការកម្លាំងបានឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ជាបុរសនាំខ្លួនទៅនគរបាលប៉ុស្តិ៍ទួលសង្កែទី១ ដើម្បីសួនាំនិងចាត់ការតាមនីតិវិធី។ ចំណែកអ្នកលេង និងផឹកកាហ្វេជាង ១០នាក់ត្រូវបានអាជ្ញាធរធ្វើការអប់រំនិងឲ្យត្រឡប់ទៅផ្ទះវិញ៕ អត្ថបទ៖ កុម្ភះ





