ដោយដកស្រង់សម្តីនគរបាល ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Hina បានរាយការណ៍ថា មនុស្សច្រើននាក់ បានបាត់បង់ជីវិត នៅពេលដែលយន្តហោះធុនស្រាល ១គ្រឿង បានធ្លាក់នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែមិថុនា ឆ្នាំ២០២៦) នៅឯតំបន់ Istria ភាគពាយ័ព្យនៃប្រទេសក្រូអាត ក្បែរទីក្រុង Medulin នៃតំបន់សមុទ្រ Adriatic។
យោងតាមព័ត៌មានក្រៅផ្លូវការ បានឲ្យដឹងថា មនុស្ស ៤នាក់ ត្រូវបានរកឃើញស្លាប់ ហើយក្រុមជួយសង្គ្រោះកំពុងស្វែងរកមនុស្ស ២នាក់ផ្សេងទៀត។ គ្មាននរណាម្នាក់ពីនគរបាលតំបន់ Istrian អាចធ្វើអត្ថាធិប្បាយបានភ្លាមៗឡើយ ពាក់ព័ន្ធនឹងហេតុការណ៍នេះ។
បើយោងតាមរបាយការណ៍របស់សារព័ត៌មាន Hina បានឲ្យដឹងថា នគរបាលបានប្រាប់ថា សេវាសង្គ្រោះបន្ទាន់ នគរបាល និងអ្នកពន្លត់អគ្គិភ័យបានទៅដល់កន្លែងកើតហេតុ។ ហើយបើយោងតាមសេចក្ដីរាយការណ៍របស់គេហទំព័រព័ត៌មាន Index.hr បានឲ្យដឹងថា យន្តហោះនេះបានហោះចេញពីប្រទេសអាល្លឺម៉ង់។
រូបថតពីកន្លែងកើតហេតុ បានបង្ហាញពីបំណែកយន្តហោះ នៅក្នុងទីវាលមួយ ហើយនគរបាល និងអ្នកពន្លត់អគ្គិភ័យ មានវត្តមាននៅទីនោះ។ យ៉ាងណាក្ដី ភ្លាមៗនេះ គេមិនទាន់ដឹងនៅឡើយទេថា តើមានមនុស្សប៉ុន្មាននាក់នៅលើយន្តហោះនោះ៕