ជើងហោះហើរដឹកជំនួយសង្រ្គោះបន្ទាន់ បានចាកចេញពីទីក្រុង Nairobi ប្រទេសកេនយ៉ា ដឹកគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្ត ទៅកាន់តំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ស្របពេលសហភាពអឺរ៉ុប(EU) និងមូលនិធិកុមារអន្តរជាតិអង្គការសហប្រជាជាតិ(UNICEF) បង្កើនកិច្ចខិតខំឆ្លើយតបចំពោះការរីករាលដាលឆ្លងជំងឺអេបូឡា ។
លោក Olivier Rousselle គឺជាប្រធានក្នុងតំបន់របស់គណកម្មការអឺរ៉ុប បានចាត់ទុកប្រតិបត្តិការនេះថា ជាការសង្រ្គោះអាយុជីវិតមនុស្ស ក្នុងនោះក្រុមការងារសង្រ្គោះបន្ទាន់ នឹងធ្វើការចែកចាយគ្រឿងផ្គត់ផ្គង់ឲ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន ទៅកាន់តំបន់សហគមន៍រងផលប៉ះពាល់ ។
លោកបានកត់សម្គាល់ឃើញថា មនុស្សបានស្លាប់រួចទៅហើយ ហើយលោកបានធ្វើការសង្កត់ធ្ងន់ពីភាពបន្ទាន់នៃការទទួលបានជំនួយដល់អ្នកដែលរងផលប៉ះពាល់ ដោយមិនត្រូវពន្យាពេលជាដាច់ខាត ។
ការដឹកជញ្ជូនរបស់ EU ត្រូវបានសង្កេតដោយលោក Rousselle ជាមួយប្រធានតំបន់របស់ UNICEF សម្រាប់តំបន់ភាគខាងកើត និងតំបន់ភាគខាងត្បូងអាហ្វ្រិកលោកស្រី Etleva Kadilli មុនពេលដឹកជញ្ជូនទៅកាន់យន្តហោះរង់ចាំ ។
លោកស្រី Kadilli ចាត់ទុកការរីករាលដាលឆ្លងនេះ ថាកំពុងកើតឡើងនៅតំបន់មនុស្សរស់នៅដ៏ផុយស្រួយ ជាទីដែលជម្លោះ និងសម្ពាធលើប្រព័ន្ធសុខភាព ធ្វើឲ្យគ្រួសារងាយរងគ្រោះ ។
ការដឹកជញ្ជូននេះដែរ គឺជាផ្នែកមួយនៃគ្រឿងផ្គត់ផ្គង់ប្រហែល ១០០តោន ត្រូវការគាំទ្រកម្មករសុខភាពព្យាបាលអ្នកជំងឺអេបូឡា រួមទាំងមជ្ឈមណ្ឌលធ្វើចត្តាឡីស័កផងដែរ ៕