លោក Volodymyr Zelenskyy បានអំពាវនាវឱ្យមានកិច្ចប្រជុំទល់មុខគ្នារវាងរូបលោក និងលោក Vladimir Putin ក្នុងការប៉ុនប៉ងដែលនៅតែបន្តដើម្បីបញ្ចប់សង្គ្រាម។

នៅក្នុងលិខិតចំហរមួយផ្ញើទៅកាន់ប្រធានាធិបតីរុស្ស៊ី មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយថា វានឹង "ខុសក្នុងការរង់ចាំ" រហូតដល់សង្គ្រាមនៅអឺរ៉ុបមួយនេះ ក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍របស់សហរដ្ឋអាមេរិកម្តងទៀត ដោយបន្ថែមថាសន្តិភាពអាចកើតឡើងបានតែ "តាមរយៈការចូលរួមដោយផ្ទាល់រវាង" អ៊ុយក្រែន និងរុស្ស៊ីប៉ុណ្ណោះ។

លោកក៏បានអំពាវនាវឱ្យមានបទឈប់បាញ់ពេញលេញសម្រាប់រយៈពេលនៃការចរចាដែលបានស្នើឡើង ផងដែរ ជាអ្វីមួយដែលលោក Putin បានច្រានចោលកាលពីព្រឹកថ្ងៃព្រហស្បតិ៍៤មិថុនាសប្ដាហ៍នេះ។
ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ដែរ ថា លោកគិតថា "វានឹងអស្ចារ្យណាស់" ប្រសិនបើមេដឹកនាំទាំងពីរជួបគ្នា។
វិមានក្រឹមឡាំងបានបញ្ជាក់ថា ខ្លួនបានទទួលលិខិតនោះរួចហើយ បន្ទាប់មកនឹងរាយការណ៍ជូនទៅលោក Putinអំពីខ្លឹមសារនៃលិខិតនោះ។
លិខិតនោះក៏បានផ្តល់ការអញ្ជើញផងដែរ។
លោក Zelenskyy បានសរសេរថា "អ៊ុយក្រែនស្នើឱ្យបញ្ចប់សង្គ្រាមនេះតាមរយៈការចូលរួមដោយផ្ទាល់រវាងយើង និងអ្នក។ ខ្ញុំកំពុងស្នើឱ្យមានកិច្ចប្រជុំមួយ"។
នេះមិនមែនជាការផ្តល់ជូនថ្មីពីមេដឹកនាំអ៊ុយក្រែនទេ។
ដូចដែលធ្លាប់មានរួចមកហើយ វិមានក្រឹមឡាំងបានឆ្លើយតប ដោយនិយាយថា លោក Zelenskyy ត្រូវបានស្វាគមន៍ក្នុងការជួបជាមួយលោក Putin នៅទីក្រុងមូស្គូ៕
