អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងទៅកាន់សភារបស់ប្រទេសព័រទុយហ្គាល់ថា ប្រទេសរបស់លោកកំពុងប្រយុទ្ធដើម្បីការពារជីវិតរបស់ប្រជាជន ដូច្នេះប្រជាជនអ៊ុយក្រែនមិនត្រូវបានសម្លាប់ ប្រជាជនអ៊ុយក្រែនមិនត្រូវបានធ្វើទារុណកម្ម។

ថ្លែងតាមរយៈសន្និសីទវីដេអូ លោកបានអំពាវនាវឱ្យប្រទេសព័រទុយហ្គាល់គាំទ្របម្រាមរបស់សហភាពអឺរ៉ុបលើឧស្ម័ន និងប្រេងរបស់រុស្ស៊ី ហើយបានបញ្ជាក់ពីទំហំនៃការបំផ្លាញនៅក្នុងទីក្រុងប្រទេសអ៊ុយក្រែនដូចជាទីក្រុង Mariupol ជាដើម។ លោក Zelenskyy បានស្នើឱ្យសមាជិកសហភាពអឺរ៉ុបជួយបង្កើនសម្ពាធទណ្ឌកម្ម និងផ្តល់ជំនួយយោធាបន្ថែមទៀត ព្រោះមានតែទណ្ឌកម្មទេដែលអាចបង្ខំឱ្យរុស្ស៊ីស្វែងរកសន្តិភាព។ លោក Zelenskyy បានចោទប្រកាន់រុស្ស៊ីថា បានជម្លៀសប្រជាជនអ៊ុយក្រែនយ៉ាងតិច ៥០ម៉ឺននាក់ទៅប្រទេសរុស្ស៊ី។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក៏បានថ្លែងទៅកាន់កិច្ចប្រជុំរួមរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ដោយលោកបានសម្តែងការដឹងគុណចំពោះការផ្តល់ជំនួយដល់ប្រទេសរបស់លោក និងបានបញ្ជាក់ពីជំហានបន្ទាប់សម្រាប់អ៊ុយក្រែនក្នុងពេលមានសង្គ្រាមជាមួយរុស្ស៊ី។
លោក Zelenskyy និយាយថា ប្រទេសរបស់លោកត្រូវការជំនួយបន្ថែមទៀតរហូតដល់ ៧ពាន់លានដុល្លារជារៀងរាល់ខែ ដើម្បីរៀបចំការខាតបង់ផ្នែកសេដ្ឋកិច្ចបន្ថែមទៅលើអាវុធ និងប្រាក់សម្រាប់សង្គ្រាមនៅបន្ត។ លោក Zelenskyy បានថ្លែងទៅកាន់កិច្ចប្រជុំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកនៅរដ្ឋធានីវ៉ាស៊ីនតោនថា ដោយអគាររាប់ម៉ឺនអគារបានរងការខូចខាត និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗត្រូវបានបំផ្លាញ យើងនឹងត្រូវការប្រាក់រាប់ពាន់លានដុល្លារដើម្បីស្តារឡើងវិញ៕
អត្ថបទ៖ ប៊ុនថន