លោកប្រធានាធិបតី Donald Trump បានទទួលស្គាល់ថារូបលោកបានរិះគន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ថា «ផ្ដេសផ្ដាស» ក្នុងជំនួបតាមទូរស័ព្ទដោយមានការប្រើសម្ដីធ្ងន់ៗដោយនិយាយថាវាជាការរំខានដែលការប្រយុទ្ធរបស់អ៊ីស្រាអែលជាមួយក្រុមសកម្មប្រយុទ្ធហេសបូឡា ក្នុងប្រទេសលីបង់ កំពុងរារាំងកិច្ចចរចាសន្តិភាពជាមួយអ៊ីរ៉ង់។

ប៉ុន្តែទោះបីជាលោកប្រធានាធិបតី បានទទួលស្គាល់ភាពតានតឹងនៅក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយកាលពីថ្ងៃពុធក៏ដោយ លោកបានទទូចថាទំនាក់ទំនងរបស់លោកជាមួយលោក Netanyahu គឺរឹងមាំ ហើយថាលោកទាំងពីរត្រូវបានភ្ជាប់ទំនាក់ទំនងគ្នាមួយផ្នែកដោយសារតែលោកទាំងពីរជាបានដឹកនាំការធ្វើសង្គ្រាមជាមួយគ្នាប្រឆាំងអ៊ីរ៉ង់។

លោក Trump បានប្រាប់កម្មវិធី «Pod Force One» របស់សារព័ត៌មាន The New York Post ថា ពួកលោកបានធ្វើការជាមួយគ្នាយ៉ាងល្អ។ រូបលោកចូលចិត្ត Bibi ខ្លាំងណាស់។ ហើយលោកធ្វើការបានល្អជាមួយលោក Netanyahu ។

ចំណែកនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNBCវិញ លោក Netanyahu បានឆ្លើយតបថារូបលោក និងលោក Trump ពេលខ្លះមាន «ការមិនចុះសម្រុងគ្នាខាងយុទ្ធសាស្ត្រ» ប៉ុន្តែមាន «គោលដៅរួម» និង «យល់ស្របលើរឿងសំខាន់ៗ»។
លោកនាយករដ្ឋមន្ត្រីរូបនេះ បាននិយាយថា លោកទាំងពីរគោរពគ្នាទៅវិញទៅមក។ ពួកលោកតែងតែរកវិធីដើម្បីដោះស្រាយការខ្វែងគំនិតគ្នារវាងលោកទាំងពីរ៕