អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានរិះគន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចំពោះការសម្លាប់កុមារនៅក្នុងតំបន់ហ្កាហ្សា តំបន់កាន់កាប់West Bank ទីក្រុងMinab របស់អ៊ីរ៉ង់ និងកន្លែងផ្សេងទៀតនៅជុំវិញពិភពលោក។

លោក Baghaei បានសួរនៅក្នុងសារបង្ហោះនៅលើបណ្តាញសង្គមថា តើកុមារស្លូតត្រង់ត្រូវបានសម្លាប់ដោយសារឧក្រិដ្ឋកម្មអ្វី?។
លោកបានសរសេរថា ចាប់ពីតំបន់Gaza និងតំបន់West Bank រហូតដល់ទីក្រុងBeirut ក្រុងMinab ក្រុងLamerd ទីក្រុងតេអេរ៉ង់ និងកន្លែងជាច្រើនទៀតនៅទូទាំងប្រទេសអ៊ីរ៉ង់និងពិភពលោក គ្រប់ទីកន្លែងដែលកុមារបានស្លាប់នៅក្រោមការបំផ្ទុះគ្រាប់បែកនិងមីស៊ីលរបស់សហរដ្ឋអាមេរិក និងរបបអ៊ីស្រាអែល ការពិតគឺដូចគ្នា គ្មានគោលដៅយោធា គ្មានផលប្រយោជន៍នយោបាយ និងគ្មានលេសសន្តិសុខណាមួយអាចបង្ហាញអំពីភាពត្រឹមត្រូវនៃការសម្លាប់កុមារនោះទេ។

កុមារពុំមែនជាភាគីនៃសង្គ្រាម ឬឧបករណ៍សង្គ្រាមនោះទេ។ ពួកគេគឺជាមនសិការរស់របស់មនុស្សជាតិ។ ក្មេងគ្រប់រូបដែលត្រូវបានសម្លាប់ ឬធ្វើឲ្យពិការ គឺជាការកប់ផ្នែកមួយនៃមនុស្សជាតិរួមរបស់យើង។