បាតុករនៅប្រទេសលីប៊ីរាប់រយនាក់ បាននាំគ្នាបិទការិយាល័យរបស់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ(UNHCR) នៅក្នុងរដ្ឋធានីទ្រីប៉ូលី កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ក្នុងអំឡុងពេលនៃការតវ៉ាប្រឆាំងជនអន្តោប្រវេសន៍ដែលបានធ្វើដំណើរទៅកាន់ប្រទេសនេះដើម្បីស្វែងរកការងារ ឬធ្វើដំណើរឆ្លងកាត់ទៅអឺរ៉ុប។

ក្រុមអ្នកតវ៉ា បានប្រមូលផ្តុំគ្នានៅខាងមុខការិយាល័យធំរបស់អង្គការ UNHCR ក្នុងតំបន់ Sarraj ទីក្រុងទ្រីប៉ូលី ដោយស្រែកពាក្យដូចជា «ទេ ទេចំពោះការតាំងលំនៅឋាន ប្រទេសលីប៊ីសម្រាប់តែប្រជាជនលីប៊ីប៉ុណ្ណោះ» និងពាក្យថា «ចេញពីលីប៊ី នាំយកពួកគេទាំងអស់ចេញពីប្រទេសលីប៊ី»។
អ្នកតវ៉ាបានដំឡើងតង់ ក្រោយមកបាននាំយករថយន្តពេញដោយដីខ្សាច់បិទច្រកទ្វារធំនៅអគារដោយដាក់របាំង។

បាតុកម្មកាលពីថ្ងៃព្រហស្បតិ៍ គឺជាបាតុកម្មធំបំផុត ក្នុងចំណោមបាតុកម្មជាច្រើននាពេលថ្មីៗនេះ ប្រឆាំងជនអន្តោប្រវេសន៍ ដែលត្រូវបានស្តីបន្ទោសដោយប្រជាជនលីប៊ីមួយចំនួន ចំពោះបញ្ហាសង្គម និងសេដ្ឋកិច្ច។